សិស្សបឋមវត្តស្វាយជាង ១ ០០០នាក់ កំពុងក្រេបជញ្ជក់ជំនាញកីឡាពីគ្រូស្ម័គ្រចិត្តជប៉ុន

សិស្សានុសិស្សជាង ១០០០នាក់ នៅសាលាបឋម សិក្សាវត្តស្វាយ ខេត្តសៀមរាប កំពុងពង្រឹងសមត្ថភាព កីឡារបស់ខ្លួន តាមរយៈ វត្តមានគ្រូបង្វឹកស្ម័គ្រចិត្តជប៉ុន មកពីទីភ្នាក់ងារ ចៃកា(JICA) ដែលបានជួយជ្រោមជ្រែង រហូតក្រុមបាល់ទះសាលាមួយនេះ អាចបោះ​ជំហានទៅ​ប្រកួតកម្រិតថ្នាក់ខេត្តប្រកបដោយជោគជ័យ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ច ស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ឆ្នាំ២០២៦ កាលពី ពេលថ្មីៗនេះ លោក នួន ចាន់ណា នាយកសាលាបឋម សិក្សាវត្តស្វាយ បានឱ្យដឹងថា គម្រោងនេះគ្រប ដណ្ដប់ លើសិស្សានុសិស្សពីថ្នាក់ទី១ ដល់ទី៦ សរុបចំនួន ១.៣០៥នាក់ ដោយមានរយៈពេល២ឆ្នាំ។

លោកនាយកសាលាបន្តថា៖ «តាមរយៈកិច្ចសហការនេះ យើងទទួលបានលោក កាតុ (Kato) ជាអ្នកជំនាញស្ម័គ្រ ចិត្តតំណាងឱ្យ ភ្នាក់ងារ​JICA មកចុះជួយបង្ហាត់ បង្រៀន ផ្ទាល់រយៈពេល ២ឆ្នាំមកហើយ ដោយផ្តោតសំខាន់ លើការអប់រំកាយ ជាពិសេសកីឡាបាល់បោះ និងបាល់ ទះ»។

ការគាំទ្រផ្នែកកីឡាដល់កុមារតូចៗនេះ មិនត្រឹមតែជាការ កម្សាន្តនោះទេ តែជាការបណ្តុះធនធានមនុស្សពី មូលដ្ឋានគ្រឹះ​ក្នុងនេះមាន​វិស័យកីឡាផងដែរ។ លោក មិស៊ូមិ តាកាហ៊ីតុ អនុប្រធានបេសកកម្មការទូត នៃស្ថាន ទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា វត្តមាន​របស់ អ្នកស្ម័គ្រចិត្ត JICA ដែលមានបទពិសោធន៍ពីប្រទេស ជប៉ុន គឺដើម្បីជួយពង្រឹងមុខវិជ្ជាអប់រំកាយនៅតាម សាលារៀនកម្ពុជា។ លោកសង្កត់ធ្ងន់ថា ការគាំទ្រនេះ បានផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ការលូតលាស់ទាំងផ្លូវកាយ និងស្មារតីរបស់កុមារ ដែលជាអ្នកបន្តវេនក្នុង​ការកសាងអនាគតប្រទេសជាតិ។

ជាលទ្ធផលផ្លែផ្កានៃការបង្ហាត់បង្រៀននេះ កាលពី ឆ្នាំមុន ក្រុមបាល់ទះនៃសាលាបឋមសិក្សាវត្តស្វាយ បានបង្ហាញវត្តមានក្នុងការប្រកួតថ្នាក់​ទូទាំងខេត្ត និងទទួលបានលទ្ធផលល្អប្រសើរ។ សម្រាប់ឆ្នាំនេះ ក្រុមកីឡារបស់សាលានឹងនៅតែបន្តការហ្វឹកហាត់ ដើម្បីត្រៀមខ្លួន​ដណ្តើមជ័យលាភីសម្រាប់ការប្រកួត លើកក្រោយៗទៀត៕

ដោយ៖ ង៉ា​ន់ ទិត្យ
រូបភាព៖ រិន​ រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner