កម្ពុជាត្រៀមទទួលគណៈប្រតិភូពី ៧៩ប្រទេស និងអ្នកសារព័ត៌មានជាង ១ពាន់នាក់ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងផ្ចិតផ្ចង់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដោយគិតត្រឹមពេលនេះមានប្រទេសចំនួន ៧៩ បានចុះឈ្មោះចូលរួម ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២០រូប ព្រមទាំង​ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចំនួន ២៦រូប។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏បានទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុប​ប្រមាណ ១.២០០នាក់ (អន្តរជាតិជិត ៤០០នាក់)មកផ្តិតយករូបភាព និងផ្សព្វផ្សាយផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងារជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Lourse Mushikiwabo )អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកាមានប្រទេសចំនួន៧៩ បានចុះឈ្មោះ ចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០​ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២០, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ចំនួន២៦ ដែលជាប្រធានគណៈប្រតិភូ ។ក្រៅពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកខាងលើ ក៏មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួន១២០០នាក់ បានចុះឈ្មោះចូលរួម ក្នុងនោះជិត៤០០នាក់ ជាសារព័ត៌មានអន្តរជាតិ។

ពាក់ព័ន្ធការងាររៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជូនលោកជំទាវអគ្គលេខាធិការថា “ពួកយើងបានជួបគ្នាជាច្រើនលើកច្រើនសារហើយ ដើម្បីពិភាក្សាគ្នាអំពីការងារ ដែលយើងរំពឹងថា នឹងទទួលបាននៅក្នុងពេល​ប្រជុំហ្វ្រង់​កូហ្វូនី លើកទី២០ នៅពេលខាងមុខពាក់ព័ន្ធទៅនឹងខ្លឹមសារ ឯកសារដែលត្រូវអនុម័ត, ឯកសារដែលត្រូវសម្រេច និងភាពលម្អិតពាក់ព័ន្ធ​ទៅនឹងដំណើរការទាំងមូល នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា យើងក៏បានពិភាក្សាគ្នា អំពីកម្មវិធីទាំងឡាយ ដែលមាននៅក្នុងកិច្ចប្រជុំនេះ ហើយអង្គការ​ហ្វ្រង់កូហ្វូនី និងកម្ពុជា ដែលនឹងក្លាយជាប្រធាន នៃកិច្ចប្រជុំកំពូល សម្រាប់ពីរឆ្នាំទៅមុខទៀតនេះ គឺត្រូវតែពិភាក្សាគ្នា និងត្រូវរក្សាគ្នាថា តើដំណើរការហ្នឹងវាត្រូវធ្វើយ៉ាងម៉េច ហើយត្រូវឯកភាពគ្នាជាមុន។

សូមជម្រាបជូនថា កិច្ចប្រជុំរបស់ថ្នាក់រដ្ឋមន្ត្រី នឹងប្រារពធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ចំណែកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនឹងប្រារព្ធពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner