រដ្ឋមន្រ្តីកសិកម្ម៖ គុណភាពកសិផលខ្មែរ កំពុង​សាង​ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ

ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរ​ជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាម​ទារស្តង់ដារគុណភាព និង​សុវត្ថិភាពខ្ពស់បំផុតនោះ គឺជា​សក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និង​សមត្ថភាព​ពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ​កម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់​ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញ​ធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប» នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសរំលេចថា រាជរដ្ឋាភិបាលកំពុងបន្ត​ពង្រីកឱកាសនាំចេញកសិផលសក្តានុពល ពិសេស​ស្វាយ​ចន្ទីនិងម្រេចទៅកាន់អឺរ៉ុបដើម្បីបង្កើតតម្លៃបន្ថែម និងទាញយកផលចំណេញសេដ្ឋកិច្ចជូនគ្រួសារកសិករ។

ឯកឧត្តមបានបន្ថែមថា ដើម្បីគាំទ្រដល់មហិច្ឆតានេះ ក្រសួងកសិកម្ម បានដាក់ចេញនូវយន្តការជាក់ស្តែងជា​ច្រើន រួមមាន៖ ការផ្តល់​ហិរញ្ញប្បទាន ការចងក្រង​សហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រី​កសិកម្មឃុំ ដើម្បីជួយកសិករកាត់បន្ថយថ្លៃដើម អនុវត្តកសិកម្ម​ល្អ (GAP) និងពង្រឹងគុណភាពឆ្លើយ​តបនឹងទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងភាពជោគជ័យ វិស័យកសិ-ឧស្សាហកម្មកម្ពុជា ក៏នៅសល់លំហរវិនិយោគដ៏ធំផងដែរ។ ក្នុងឆ្នាំ២០២៥ កម្ពុជា ផលិតស្វាយចន្ទី​បានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមាន​សមត្ថភាពកែច្នៃ​សរុបប្រមាណ ៨៦.៨០០តោនក្នុង ១ឆ្នាំ ខណៈបរិមាណ​កែច្នៃជាក់ស្តែងមានត្រឹម ២២.៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពដែល​មានស្រាប់ ។ នេះបើតាម​របាយ​ការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ចំណែកឯវិស័យម្រេចវិញ ការចុះបញ្ជី «ម្រេចកំពត» ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) នៅអឺរ៉ុប គឺជាគំរូជោគជ័យនៃការលក់គុណតម្លៃ និងអត្តសញ្ញាណជាតិ។ ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង ១១២តោន រកចំណូលបានជាង ២លានដុល្លារអាម៉េរិក ដែលតួលេខ​នេះកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអភិវឌ្ឍន៍ វិនិយោគិន និងធុរជន​ទាំងអស់ក្នុងការបន្តគាំទ្រ និងវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលវិស័យកសិកម្ម​ឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព ។

សូមជម្រាបថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ រៀបចំឡើងរយៈពេល ២ ថ្ងៃ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ដោយ​ប្រមូល​ផ្តុំ​អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកវិនិយោគ និងអ្នកជំនាញ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប ,ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner