រឿងមិនចាប់ដៃលោក សម រង្ស៊ី ៖ ស្ថានទូតកម្ពុជា​នៅ​ជប៉ុនបញ្ជាក់ការពិត និងច្រានចោលការវាយប្រហារ​នយោបាយ

អ្នកនាំពាក្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​ជប៉ុន បានប្រកាសច្រានចោល ចំពោះការ​បកស្រាយបំភាន់ និងការរិះគន់វាយ​ប្រហារ​ដោយ​គ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជុំវិញការសម្រេចចិត្តរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា​ក្នុងការមិន​ចាប់ដៃជាមួយ​លោក សម រង្ស៊ី ក្នុងពិធីបុណ្យកឋិនទាន​នៅខេត្តកាណាហ្គាវ៉ា។
 
នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាស​ច្រានចោលយ៉ាងដាច់អហង្ការនូវការ​បំភ្លៃការពិតរបស់​បុគ្គលមួយចំនួនក្នុងក្រុមប្រឆាំង ពាក់ព័ន្ធនឹងករណីកាល​ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តខ្មែរ សាមគ្គី ខេត្តកាណាហ្គាវ៉ា ជុំវិញការសម្រេចចិត្តរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតក្នុងការមិនចាប់ដៃជាមួយលោក សម រង្ស៊ី។ ក្រោយបញ្ចប់កម្មវិធីបុណ្យកឋិនទាន​លោក សម រង្ស៊ី បានដើរចូលមកសុំចាប់ដៃ ខណៈមានក្រុម​អ្នកអមដំណើរត្រៀមចាំថតរូបទុកជាមុន។
 
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានពន្យល់ថា ​ចំពោះមុខស្ថានភាពនេះ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពបាន​សម្រេចចិត្ត​ដោយ​ចេតនាមិនលូកដៃចាប់ដៃវិញឡើយ ដោយផ្អែកលើ​ស្ថានភាព​ផ្លូវច្បាប់ និងនយោបាយ​របស់លោក សម រង្ស៊ី ដែលជាទណ្ឌិតត្រូវបាន​តុលាការ​កម្ពុជាផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌ និងជាបុគ្គល​បង្កើតរចនាសម្ព័ន្ធនយោបាយខុសច្បាប់នៅក្រៅប្រទេស គ្មានសិទ្ធិអំណាចតំណាងឱ្យរដ្ឋាភិបាលកម្ពុជា​នោះឡើយ។
 
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា កាយវិការទូទៅនៃ​ការចាប់ដៃមិនអាចកាត់ផ្តាច់ចេញពីបរិបទនយោបាយបានទេ។ ការយល់ព្រម​ចាប់​ដៃក្នុងករណីនេះ អាចត្រូវក្រុម​ប្រឆាំងយកទៅបកស្រាយ និងកេងចំណេញដោយ​ចេតនា ដើម្បីបង្កើតការយល់ច្រឡំថា ភាគីរដ្ឋាភិបាល​បានទទួលស្គាល់ ឬគាំទ្រដល់សកម្មភាពរបស់ទណ្ឌិត​រូបនេះ ដែលជាការបំភាន់ខុសពីការពិតទាំងស្រុង។
 
ក្នុងនាមជាតំណាងផ្លូវការរបស់រដ្ឋ ឯកអគ្គរាជទូតមាន​ភារកិច្ច និងការទទួលខុសត្រូវខ្ពស់ក្នុងការការពារ​សេចក្តីថ្លៃថ្នូរ ព្រមទាំងប្រុងប្រយ័ត្ន​ចំពោះទំនាក់​ទំនងជាមួយបុគ្គលដែលមានទសនៈ និងសកម្មភាព​ប្រឆាំងនឹងស្ថាប័នជាតិ។ ការមិនតបតនឹងការលូកដៃនេះ គឺជាការអនុវត្ត​ភារកិច្ចការទូតដ៏ហ្មត់ចត់ ដើម្បីទប់ស្កាត់​ការ​បំពុលសង្គម និងការយកសាសនាធ្វើជាឈ្នាន់កេង​ចំណេញនយោបាយ។
 
ស្ថានឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ពិធីបុណ្យតាមបែប​ព្រះពុទ្ធសាសនា គួរតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ សាមគ្គីភាព និងការគោរព​គ្នា​ទៅវិញទៅមក មិនមែនជាឱកាសសម្រាប់បង្កើតរឿងនយោបាយកខ្វក់នោះឡើយ ហេតុនេះទើបសំណូមពរឱ្យសាធារណជន​កុំជឿលើការ​ញុះញង់ និងការបកស្រាយខុសពីការពិត​របស់​អ្នក​ពាក់ព័ន្ធ៕
ដោយ៖ទួន សុផល

ads banner