កាសែត New York Times ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបង្ខំចិត្តទៅស្នាក់ក្នុងមូលដ្ឋានយោធា ក្រោយរងការគំរាមពី អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានផ្លាស់ទៅស្នាក់នៅក្នុងមូលដ្ឋានយោធា ក្រោយមានការគំរាមកំហែងពីអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានអាមេរិមួយនេះ បានដកស្រង់សម្តីប្រភព ដែលដឹងពីការគំរាមកំហែង ដោយរៀបរាប់ថា លោក Scott Bessent នាពេលថ្មីៗនេះ បានចាកចេញពីលំនៅឋានរបស់លោក ទៅស្នាក់នៅឯមូលដ្ឋានយោធាមួយ បន្ទាប់ពីមានការគំរាមកំហែងដល់អាយុជីវិតរបស់លោកពីសំណាក់ប្រទេសអ៊ីរ៉ង់។
មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ម្នាក់ នៅក្នុងរដ្ឋបាលរបស់លោក Trump បានព្រមាននៅក្នុងឯកសារមួយដែលទីភ្នាក់ងារព័ត៌មាន Reuters បានឃើញ កាលពីចុងខែមុនថា ប្រទេសអ៊ីរ៉ង់បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់គោលដៅលើបុគ្គលិកអាមេរិក ហើយផែនការសម្លាប់ពលរដ្ឋអាមេរិកដោយទីក្រុងតេហេរ៉ង់ បានឈានដល់ «ដំណាក់កាលកម្រិតខ្ពស់» ហើយ។
យ៉ាងណាមិញ កាសែតនេះបានរាយការណ៍ថា កម្រិតធ្ងន់ធ្ងរនៃការគំរាមកំហែងប្រឆាំងនឹងលោក Bessent មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ក្រសួងហិរញ្ញវត្ថុអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
បើតាម Reuters, លោក Bessent គឺជាតួអង្គសំខាន់ក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើម នៅថ្ងៃទី២៨ ខែកុម្ភៈ។
ឆ្លើយតបនឹងរឿងនេះ, ប្រទេសអ៊ីរ៉ង់ កន្លងមក ធ្លាប់បានបដិសេធថា ខ្លួនមិនបានរៀបចំផែនការវាយប្រហារលើមន្ត្រី ឬបុគ្គលនានានៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ៕
ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត