អាមេរិកអំពាវនាវឱ្យមានក្របខ័ណ្ឌសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប អំឡុងកិច្ចប្រជុំ នៅអាប៊ុយដាប៊ី
អាប៊ុយដាប៊ី ៖ តំណាងសហរដ្ឋអាមេរិកអំពាវនាវឱ្យមានក្របខ័ណ្ឌសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប អំឡុងកិច្ចប្រជុំ នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម កាលពីថ្ងៃអង្គារ។
ថ្លែងក្នុងពេលដែលមានកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី, លោក Jared Kushner ប្រេសិតសហរដ្ឋអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញមានក្របខ័ណ្ឌសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប ដើម្បីធានាសន្តិភាព។
លោក Kushner បានមានប្រសាសន៍ថា «ក្តីសង្ឃឹមនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការពិភាក្សាអំពីបញ្ហាទ្វេភាគីរវាងប្រទេសទាំងនេះ និងវិធីបញ្ចប់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមបញ្ចូលទាំងការបង្កើតទំនាក់ទំនងសន្តិសុខដ៏ត្រឹមត្រូវមួយរវាងអ៊ុយក្រែន, រុស្ស៊ី និងអឺរ៉ុបផងដែរ»។
លោកបន្តថា «គោលបំណងគឺមិនត្រឹមតែដើម្បីបញ្ចប់សង្គ្រាមនេះប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្កើតក្របខ័ណ្ឌថ្មីមួយ ដែលនឹងធានាបាននូវសន្តិភាពរាប់ទសវត្សរ៍ ឬអាចឈានដល់រាប់សតវត្សរ៍ ទៀតផង»។
គួរបញ្ជាក់ថា តំណាងមកពីទីក្រុងកៀវ និងទីក្រុងមូស្គូ បានចាប់ផ្តើមការចរចានៅក្នុងរដ្ឋធានីនៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ នេះគឺជាការចរចាលើកដំបូង ចាប់តាំងពីខែកុម្ភៈមក ដែលកាលណោះ កិច្ចពិភាក្សាបានជាប់គាំង ហើយទីក្រុងវ៉ាស៊ីនតោនក៏បានងាកទៅផ្តោតលើបញ្ហាសង្គ្រាមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់វិញ។
ជំនួបលើកដំបូងនេះបានចំណាយពេលជាច្រើនម៉ោង ដោយមានគោលបំណងជំរុញវឌ្ឍនភាពឆ្ពោះទៅរកការដោះស្រាយបិទបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត