អ្នកនាំពាក្យ៖ វត្តមាននៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់អន្តរជាតិ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលរូមកិច្ចប្រជុំកំពូលលើកទី២០ បានបង្ហាញពីការផ្ដល់កិត្តិយស និងទំនុកចិត្តយ៉ាងធំធេងដល់កម្ពុជា

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនទទួលកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនីនិងដោយមានព្រឹត្តិការណ៍អមជាច្រើនទៀត។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រោមមូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ មូលបទនេះសបញ្ជាក់ច្បាស់ថា សន្តិភាព វិបុលភាព និងស្ថិរភាព មិនត្រឹមតែជាអ្វីដែលកម្ពុជាចង់បានប៉ុណ្ណោះទេ តែវាក៏ជាអ្វីដែលពិភពលោកកំពុងត្រូវការយ៉ាងខ្លាំងបំផុត ក្នុងបរិបទដែលសង្គ្រាមក្នុងតំបន់ជាច្រើនកំពុងធ្វើឱ្យសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ហើយមនុស្សជាតិកំពុងព្រួយបារម្ភខ្លាំងអំពីការបាត់បង់សន្តិភាព វិបុលភាព និងស្ថិរភាពរបស់ពិភពលោក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា មានគណៈប្រតិភូប្រមាណជា៨០ ក្នុងនោះមានថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពីជាង២០ប្រទេស នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដោយផ្ទាល់។ ស្របពេលជាមួយគ្នានេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់អន្តរជាតិ រួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ បានបង្ហាញពីការផ្ដល់កិត្តិយស និងទំនុកចិត្តយ៉ាងធំធេងដល់កម្ពុជា ដែលជាប្រទេសតូចតែមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះបានប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់។ មោទនភាពនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាជាផ្លែផ្កានៃសុខសន្តិភាព និងការដាក់ចេញគោលនយោ បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។

អ្នកនាំពាក្យបន្តទៀតថា ម្យ៉ាងទៀត មូលបទស្ដីពី «រួមគ្នាកសាងសន្តិភាពដើម្បីវិបុលភាពរួមនិង ស្ថិរភាពយូរអង្វែង» ពិតជាសមស្របជាមួយបទពិសោធន៍យ៉ាងជោគជាំរបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ការបែកបាក់ជាតិ រហូតធ្លាក់ក្នុងរបប្រល័យពូជសាសន៍យ៉ាងរង្គាល…ទម្រាំតែកសាងសន្តិភាពបានពេញលេញនិងថែរក្សាសន្តិភាពឱ្យគង់វង្សយូរអង្វែងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដូចសព្វថ្ងៃ។ នេះបង្ហាញឱ្យឃើញថា សន្តិភាព វិបុលភាព និងស្ថិរភាព ដែលកម្ពុជាកំពុងថែរក្សាក្នុងដៃ ពិតជាមានតម្លៃមិនមែនសម្រាប់តែកម្ពុជាខ្លួនឯងទេ តែក៏សម្រាប់ចែករំលែកដល់បណ្ដាប្រទេសផ្សេងទៀតដែរ។

រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងបានសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ការប្រកាន់គោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ គឺជាឧទាហរណ៍ជាក់ស្ដែង ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈរលើគោលការណ៍គ្រឹះនៃសន្តិភាព និងនយោបាយឈ្នះឈ្នះដើម្បីដោះស្រាយបញ្ហាជំនួសឱ្យការប្រឈមមុខគ្នាដោយអាវុធ៕
ដោយ៖ពលជ័យ

ads banner