លោក Zelensky ថា រុស្ស៊ី ចង់កាត់ផ្តាច់ អ៊ុយក្រែន ជាពីរផ្នែក
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងអះអាងកាលពីថ្ងៃចន្ទ ថា កងកម្លាំងរុស្ស៊ីចង់កាត់ផ្តាច់អ៊ុយក្រែន ជាពីរផ្នែក តាមរយៈការវាយប្រហារលើផ្លូវស្ពាន និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលស្ថិតនៅតាមខ្សែបណ្តោយដងទន្លេ Dnipro ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានឱ្យដឹងថា ដើម្បីអាចកាត់ផ្តាច់អ៊ុយក្រែន ជាពីរផ្នែកបាន រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារលើប្រព័ន្ធផ្គត់ផ្គង់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងផ្លូវស្ពាននៅតាមខ្សែបណ្តោយដងទន្លេ Dnipro ។
លោកថា យុទ្ធសាស្រ្តដែលរុស្ស៊ីកំពុងប្រើនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងកាត់ផ្តាច់ការតភ្ជាប់រវាងតំបន់នានារបស់អ៊ុយក្រែន និងបង្កការលំបាកដល់ការដឹកជញ្ជូន ការផ្គត់ផ្គង់សម្ភារៈ ក៏ដូចជាការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ។
ជាក់ស្តែង ចាប់តាំងពីដើមខែតុលាមក រុស្ស៊ីបានបាញ់មីស៊ីល និងយន្តហោះដ្រូនវាយប្រហារលើផ្លូវស្ពាននានានៃទីក្រុងកៀវជាបន្តបន្ទាប់ ដែលបណ្តាលឱ្យស្ពានមួយចំនួនត្រូវបិទចរាចរណ៍ទាំងស្រុង ឬមួយផ្នែក ។
ចំណែកនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Serhii Koretskyi ក៏បានឱ្យដឹងកាលពីសប្តាហ៍មុនផងដែរថា រុស្ស៊ីកំពុងបាញ់យន្តហោះដ្រូនពី ៣០០ទៅ៤០០ គ្រឿងក្នុងមួយថ្ងៃ សំដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ។ ហើយចាប់តាំងពីខែសីហាមក មានការវាយប្រហារសរុបលើសពី ២.០០០ លើកត្រូវបានកត់ត្រា ។
បើតាម Kyiv post, លោក Zelensky បានលើកឡើងពីបញ្ហាដែលរុស្ស៊ីចង់កាត់ផ្តាច់អ៊ុយក្រែនជាពីរផ្នែកនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋានមកពីតំបន់ជួរមុខចំនួន ៥ ។
ក្នុងនោះរួមមានតំបន់ Kharkiv, Kherson, Dnipropetrovsk, Sumy និងតំបន់ Donetsk ព្រមទាំងអភិបាលក្រុងកៀវ លោក Vitali Klitschko ដែលលោក Zelensky ធ្លាប់បានប៉ះសម្តីគ្នាជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុន ជុំវិញបញ្ហាការត្រៀមលក្ខណៈរបស់រដ្ឋធានីកៀវ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ។
លោក Zelensky បានបញ្ជាក់ថា កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងលម្អិតអំពីបញ្ហាប្រឈមដែលបង្កឡើងដោយការវាយប្រហាររបស់រុស្ស៊ី ក៏ដូចជាការត្រៀមខ្លួនរបស់គណៈរដ្ឋមន្ត្រីអ៊ុយក្រែន ក្នុងការផ្តល់ធនធានរដ្ឋបន្ថែមនៅគ្រប់ទីកន្លែងដែលត្រូវការ ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះគឺជាវិធីសាស្រ្តដែលយើងបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺការបំពេញចន្លោះខ្វះខាត ស្វែងរកបញ្ហាប្រឈម និងការផ្គត់ផ្គង់អ្វីៗដែលចាំបាច់ ស្របពេលដែលជម្លោះនៅតែបន្តអូសបន្លាយ ។
យ៉ាងណា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមួយនេះ បានមើលឃើញពន្លឺសន្តិភាពសាជាថ្មី ខណៈគូជម្លោះទាំងពីរ ក្រោមការសម្របសម្រួលរបស់អាមេរិក កំពុងចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញនៅទីក្រុងអាប៊ូដាប៊ី រដ្ឋធានីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ៕
ប្រភព ៖ Kyiv post ប្រែសម្រួល ៖ ឈឹម ទីណា
