ជប៉ុន នឹងផ្តល់ប្រព័ន្ធរ៉ាដា និងយន្តហោះដ្រូនដល់ ហ្វីលីពីន ចំពេលតានតឹងជាមួយ ចិន
តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃអង្គារបានប្រកាសផ្តល់យន្តហោះដ្រូន និងប្រព័ន្ធរ៉ាដាឃ្លាំមើលតាមឆ្នេរសមុទ្រដល់ប្រទេសហ្វីលីពីន ចំពេលប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ កំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងជាមួយចិន ។
បើតាមក្រសួងការបរទេសជប៉ុន, ការប្រគល់ប្រព័ន្ធរ៉ាដា និងយន្តហោះដ្រូននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពឃ្លាំមើលដែនសមុទ្រ និងការពារផ្លូវនាវាចរណ៍សំខាន់ៗក្នុងតំបន់ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំងពីរ ដែលមានទឹកប្រាក់ប្រមាណ ២៧ លានដុល្លារ ។
កិច្ចព្រមព្រៀងនេះ ក៏ជាការផ្ទេរឧបករណ៍ការពារជាតិផលិតរួចនៅជប៉ុនជាលើកដំបូង ក្រោមកម្មវិធីជំនួយសន្តិសុខផ្លូវការ ហៅកាត់ OSA របស់ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ។
កម្មវិធី OSA មានគោលបំណងផ្តល់ឧបករណ៍ ឬសម្ភារៈយោធា ព្រមទាំងជំនួយហេដ្ឋារចនាសម្ព័ន្ធដល់កងកម្លាំងប្រដាប់អាវុធនៃប្រទេសដៃគូ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងរារាំងការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងពីការពង្រីកឥទ្ធិពលរបស់ប្រទេសចិន ។
បើតាម AP, ជប៉ុនបាននឹងកំពុងបង្កើនល្បឿនពង្រឹងសមត្ថភាពយោធា និងឧស្សាហកម្មផលិតអាវុធរបស់ខ្លួន ។ ជាក់ស្តែង ប្រទេសអាស៊ីនេះបានលុបចោលការហាមឃាត់លើការនាំចេញអាវុធអាចសម្លាប់មនុស្សកាលពីដើមឆ្នាំ ។
ទន្ទឹមគ្នា ជប៉ុនក៏បានព្រមព្រៀងជាមួយហ្វីលីពីន ដើម្បីចាប់ផ្តើមការចរចាអំពីការផ្ទេរនាវាចម្បាំងដែលបានប្រើប្រាស់រួចរបស់ជប៉ុន ទៅឱ្យកងទ័ពជើងទឹកហ្វីលីពីន ។
ក្រៅពីហ្វីលីពីន ជប៉ុនក៏កំពុងចាប់ដៃគូសហការគ្នាជាមួយវៀតណាមផងដែរ ជាមួយនឹងការសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ, ថាមពល រួមទាំងសន្តិសុខសេដ្ឋកិច្ច ។
ជាងនេះទៅទៀត មេដឹកនាំប្រទេសទាំងពីរថែមទាំងបានព្រមព្រៀងរួមគ្នាពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ តាមរយៈការឈរលើមូលដ្ឋានច្បាប់ ខណៈប្រទេសចិនកំពុងព្យាយាមពង្រីកឥទ្ធិពលក្នុងតំបន់កាន់តែខ្លាំងឡើង ៕
ប្រភព ៖ Associated Press ប្រែសម្រួល ៖ ឈឹម ទីណា
