រុស្ស៊ី និងអ៊ុយក្រែន ព្រមព្រៀងដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ ក្រោយបញ្ចប់កិច្ចចរចានៅ អេមីរ៉ាត់អារ៉ាប់រួម
មូស្គូ ៖ ទីក្រុងមូស្គូ និងទីក្រុងកៀវ បានឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន បានបញ្ចប់នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃពុធ ។
ប្រធានក្រុមចរចារបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកក្នុងចំនួនដ៏ច្រើន ហើយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ ខណៈដែលកិច្ចចរចាជុំថ្មីនឹងបន្តទៅមុខទៀត ។
បើតាម Xinhua, លោក មេឌីនស្គី បានការពារជំហររបស់រុស្ស៊ី ដែលទាមទារឱ្យមានការពិភាក្សាអំពីការរៀបចំសន្តិសុខក្រោយសង្គ្រាម ដោយលោកបានសង្កត់ធ្ងន់ថា ជម្លោះនៅអ៊ុយក្រែនបានបង្ហាញពីចំណុចខ្វះខាតក្នុងប្រព័ន្ធសន្តិសុខរបស់អឺរ៉ុប ។
បន្ថែមលើនេះ លោក មេឌីនស្គី ក៏បានអំពាវនាវឱ្យបង្កើតក្របខណ្ឌសន្តិសុខមួយប្រកបដោយយុត្តិធម៌ ដែលគិតគូរដល់ផលប្រយោជន៍របស់ប្រទេសទាំងអស់ផងដែរ ។
បើតាម AFP, ប្រធានក្រុមចរចារបស់អ៊ុយក្រែន លោក Rustem Umerov បាននិយាយថា ការចរចាជាមួយភាគីរុស្ស៊ីនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលនោះ បានសម្រេចលទ្ធផលវិជ្ជមានលើបញ្ហាការផ្លាស់ប្តូរអ្នកទោស និងការរៀបចំសន្តិសុខនាពេលអនាគត។ លោកបានអះអាងថា មានវឌ្ឍនភាពយ៉ាងធំធេងកំពុងកើតឡើង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងវិបុលភាព ។
ចំណែកសមាជិកក្រុមចរចារបស់អាមេរិក លោក Jared Kushner បានចាត់ទុកកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកនេះថា ជាលទ្ធផលវិជ្ជមានមួយនៃកិច្ចចរចា ហើយថា ចំនួនឈ្លើយសឹកដែលត្រូវដោះដូរពិតប្រាកដ នឹងត្រូវកំណត់ឱ្យបានច្បាស់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ។
លោក គូស្ន័រ បានបង្ហើបឱ្យដឹងថា រូបលោក និងលោក ស្ទីវ វីតខូហ្វ បេសកជនពិសេសរបស់អាមេរិក មានគម្រោងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី ដើម្បីបន្តកិច្ចពិភាក្សាស្វែងរកមធ្យោបាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ៕
ប្រភព ៖ Xinhua និង AFP ប្រែសម្រួល ៖ ឈឹម ទីណា
