អ៊ីរ៉ង់ ប្រកាសមិនបញ្ជូនសារធាតុនុយក្លេអ៊ែរចម្រាញ់រួចចេញពីប្រទេសដាច់ខាត

តេហេរ៉ង់ ៖ ប្រមុខសន្តិសុខជាតិអ៊ីរ៉ង់ លោក Mohsen Rezaei បានប្រកាសកាលពីថ្ងៃពុធ ថា អ៊ីរ៉ង់នឹងប្រឆាំងយ៉ាងដាច់អហង្ការ ក្នុងការបញ្ជូនសារធាតុនុយក្លេអ៊ែរចម្រាញ់រួច សូម្បីតែមួយភាគល្អិត ចេញពីប្រទេសរបស់ខ្លួន ។

ប្រមុខសន្តិសុខជាតិអ៊ីរ៉ង់រូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយលីបង់ថា អ៊ីរ៉ង់គ្មានបំណងផ្ទេរសារធាតុនុយក្លេអ៊ែរចម្រាញ់រួចទៅកាន់ប្រទេសណាមួយឡើយ ហើយបច្ចុប្បន្នក៏មិនមានការចរចារឿងនេះ រវាងអ៊ីរ៉ង់ និងអាមេរិកដែរ ។

បើតាមការអះអាងរបស់លោក Rezaei, មេដឹកនាំកំពូលអ៊ីរ៉ង់បានចេញសេចក្តីណែនាំរួចហើយថា សារធាតុអ៊ុយរ៉ាញ៉ូមដែលមានកម្រិតចម្រាញ់ខ្ពស់ជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរបាន គឺមិនត្រូវបញ្ជូនចេញទៅក្រៅប្រទេសឡើយជាដាច់ខាត ។

ជាមួយគ្នានេះ លោក Rezaei ក៏បានធ្វើការព្រមានធ្ងន់ៗផងដែរថា រាល់ការវាយប្រហារជុំថ្មីណាមួយរបស់អាមេរិក នឹងត្រូវទទួលរងការសងសឹកវិញទៅលើមូលដ្ឋានយោធាអាមេរិក រួមទាំងមូលដ្ឋានដែលស្ថិតនៅឆ្ងាយពីប្រទេសអ៊ីរ៉ង់ ។

យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចំនួន ៤៤០,៩ គីឡូក្រាម ដែលបានចម្រាញ់ដល់កម្រិត ៦០ ភាគរយ នៅពេលអ៊ីស្រាអែល និងអាមេរិកបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥ ។

កម្រិតចម្រាញ់ ៦០ ភាគរយនេះ ខ្ពស់ជាងកម្រិតដែលចាំបាច់សម្រាប់ការប្រើប្រាស់ស៊ីវិលទៅទៀត ពោលគឺជិតឈានដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរបាន ។ យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ ថាតើសារធាតុអ៊ុយរ៉ាញ៉ូមចំនួនប៉ុន្មាននៅសល់ បន្ទាប់ពីការវាយប្រហារនោះនៅឡើយទេ ។

គួរបញ្ជាក់ថា អ៊ីស្រាអែល អាមេរិក និងប្រទេសលោកខាងលិចមួយចំនួន បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា កំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែភាគីអ៊ីរ៉ង់បានប្រកាសច្រានចោលការចោទប្រកាន់នេះជាបន្តបន្ទាប់ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner