ក្រសួងមហាផ្ទៃប្រកាសជាផ្លូវការបង្កើត «ភូមិតាកឹងចងចាំ» ក្នុងខេត្តព្រះវិហារ

ក្រសួងមហាផ្ទៃ បានចេញប្រកាសប្រែក្លាយមណ្ឌលសុវត្ថិភាពភៀសសឹកតាកឹងបៃតង ទៅជា «ភូមិតាកឹងចងចាំ» ជាផ្លូវការ ដោយបំបែកចេញពីភូមិថ្នល់បែក ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ក្រសួងមហាផ្ទៃ បានចេញប្រកាសជាផ្លូវការស្តីពីការបង្កើតភូមិថ្មីមួយទៀត គឺ «ភូមិតាកឹងចងចាំ» ដែលស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ភូមិថ្មីនេះ ត្រូវបានបង្កើតឡើងដោយបំបែកចេញពី «ភូមិថ្នល់បែក» នៃឃុំថ្មី។ នេះបើយោងតាមប្រកាសដែលចុះហត្ថលេខានៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២៦ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំឲ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិតាកឹងចងចាំ ដូចជាការជ្រើសរើសមេភូមិ និងការតែងតាំងជំនួយការមេភូមិ ទៅតាមនីតីវិធីច្បាប់ ដែលក្រសួងបានកំណត់។

សូមបញ្ជាក់ថា នៅខេត្តព្រះវិហារ មានជនភៀសសឹកជាង ៦០០គ្រួសារទៀតមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបានឡើយ ដោយសារទីតាំងទាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ ឬជាតំបន់ដែល​រងហានិភ័យខ្ពស់ពីសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៦៤៥ខ្នងជូនពួកគាត់រស់នៅនៅក្នុងភូមិតាកឹងបៃតង ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីព្រំដែន​។ ក្នុងនោះ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល  សាលារៀនមេត្តយ្យ សាលារៀនអនុវិទ្យាល័យ និងសាលារៀនវិទ្យាល័យ។

ក្រៅពីផ្តល់ជម្រកស្នាក់នៅសមរម្យដល់ពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់លើ​ការស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ តាមរយៈ​ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការធានាសុវត្ថិភាពក្នុងការវិលត្រឡប់ទៅលំនៅឋានដើមរបស់ពលរដ្ឋ។ អាជ្ញាធរក៏បានជួយ ស្តារវិស័យកសិកម្ម បង្កើតឱកាសការងារ គាំទ្រសហគ្រាសក្នុងស្រុក និងទាក់ទាញវិនិយោគិនថ្មីៗមកកាន់តំបន់រងផលប៉ះពាល់ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន។

ក្នុងសង្គ្រាមតាមព្រំដែនទាំង២លើកនេះ ភាគីថៃបានបំផ្លិចបំផ្លាញផ្ទះពលរដ្ឋក្នុងខេត្តព្រះវិហារសរុបចំនួន ៧៦៥ខ្នង  ក្នុងនោះផ្ទះ១៣៥ខ្នង រងការខូចខាតធ្ង​ន់ធ្ងរ។ ជាមួយគ្នានេះ យោធាថៃ បានបំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាមចំនួន៤  សាលារៀន២កន្លែង មណ្ឌលសុខភាព២កន្លែង អាគារសាធារណៈ​១០កន្លែង ផ្លូវចំនួន៤៦កន្លែង និងសណ្ឋាគារ ផ្ទះសំណាក់៤កន្លែង៕ទួន សុផល


ads banner