អ្នកជំនាញអាម៉េរិក ធ្វើបទបង្ហាញពីចម្លាក់ព្រះវិស្ណុផ្ទំខ្មែរ នៅសារមន្ទីរសិល្បៈអាស៊ី

សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Florida បាន អញ្ជើញធ្វើបទបង្ហាញជាសាធារណៈអំពីចម្លាក់ព្រះវិស្ណុផ្ទំខ្មែរ ជូនដល់ទស្សនិកជន​អន្តរជាតិនៅសហរដ្ឋអាម៉េរិក នាសារមន្ទីរសិល្បៈអាស៊ី (AAM) ។

លោកស្រី វ៉ាស៊ូដា ណារ៉ាយ៉ាណាន់​(Vasudha Narayanan) សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកល វិទ្យាល័យ Florida បានអញ្ជើញ​ធ្វើបទបង្ហាញជា សាធារណៈស្តីពីតម្លៃប្រវត្តិសាស្ត្រ និងសាសនានៃ ចម្លាក់ព្រះវិស្ណុផ្ទំ ដែលមានប្រភពមកពីប្រាសាទ មេបុណ្យខាងលិច ខេត្តសៀមរាប ក្នុងឱកាសទ​ស្សនាសារមន្ទីរសិល្បៈអាស៊ី (AAM) នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន។

នៅក្នុងព្រឹត្តិការណ៍នោះ លោកស្រីត្រូវបានអញ្ជើញឱ្យ ធ្វើបទបង្ហាញរយៈពេល ២ម៉ោង ក្រោមប្រធានបទ «ចក្រវាឡ និងភាពស្ថិតស្ថេរ​ជាអមតៈ៖ ព្រះវិស្ណុនៅ ប្រាសាទមេបុណ្យខាងលិច លើផ្ទៃទឹកនៃការបង្កើត និងការថែរក្សា » ជូនដល់ទស្សនិកជនចូលរួមយ៉ាង ច្រើនកុះករ។ មុនឈានមកដល់ការធ្វើបទបង្ហាញនៅ សារមន្ទីរសិល្បៈអាស៊ី  លោកស្រីក៏ធ្លាប់បានធ្វើបទ បង្ហាញ លើប្រធានបទនេះនៅវិទ្យាស្ថានសិល្បៈ Minneapolis រដ្ឋ Minnesota កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅសារមន្ទីរជាតិសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានី Washington DC កាលពីខែកក្កដា កន្លងទៅផងដែរ។ព្រឹត្តិការណ៍ទាំងនេះ គឺជាផ្នែកមួយនៃការតាំងពិព័រណ៍ចំនួន ៣លើក ដ៏សំខាន់នៅសហរដ្ឋអាម៉េរិក ដែលបានដាក់បង្ហាញ ចម្លាក់ព្រះវិស្ណុផ្ទំដ៏ប្រណីតពីប្រាសាទមេបុណ្យខាងលិចរបស់កម្ពុជា។

ក្នុងនាមអ្នកជំនាញផ្នែករូបតំណាងសាសនា ដែលផ្តោត លើសម្លាក់ព្រះវិស្ណុផ្ទំ និងរឿងរ៉ាវកូរសមុទ្រទឹកដោះ លោកស្រី វ៉ាស៊ូដា ណារ៉ាយ៉ាណាន់​ ត្រូវបានគេទទួល ស្គាល់ថាជាបុគ្គលដ៏សាកសមបំផុតក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅនេះដល់ទស្សនិកជនអន្តរជាតិ។

តាមការលើកឡើងរបស់ លោក អាន់ឌី ប្រៅវ័រ (Andy Brouwer) អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រអន្តរជាតិ សាស្ត្រាចារ្យជាន់ខ្ពស់នៃ​សាកល​វិទ្យាល័យ Florida បានបង្ហាញរូបវត្ថុបុរាណជាច្រើនទៀតក្នុងសារមន្ទីរសិល្បៈអាស៊ី  ដែលក្នុងនោះមាន ១៣មុខ ត្រូវបានផ្ទេរ កម្មសិទ្ធិ​ជូនកម្ពុជាវិញ។ ការប្រគល់សម្បត្តិវប្បធម៌នេះ ធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវរួមគ្នារវាងអ្នកជំនាញកម្ពុជា និងសារមន្ទីរ ព្រមទាំងលទ្ធផល​ស៊ើប​អង្កេតពី Homeland Security បានបង្ហាញភស្តុតាងច្បាស់ ការណ៍ថា វត្ថុទាំងនោះត្រូវបានរត់ពន្ធចេញពីកម្ពុជា​ដោយខុសច្បាប់ តាមបណ្តាញជួញដូររបស់លោក Douglas Latchford, Doris, Nancy Wiener និងក្រុមហ៊ុន Spink and Son នៅទីក្រុងឡុងដ៍​ប្រទេស​អង់គ្លេស៕

ដោយ៖ទួន សុផល

ads banner