ក្រសួងសុខាភិបាល បើកយុទ្ធនាការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនដល់កុមារីពី ៩ ទៅ ១៤ឆ្នាំ ដោយឥតគិតថ្លៃ
ដើម្បីការពារអនាគតកូនស្រីកម្ពុជាពីជំងឺដ៏កាចសាហាវ ក្រសួងសុខាភិបាល ដោយមានការគាំទ្រពីអង្គការ WHO, UNICEF និង Gavi បានប្រកាសបើកយុទ្ធនាការថ្នាក់ជាតិផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុពី ៩ឆ្នាំ ដល់១៤ឆ្នាំនៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
យុទ្ធនាការថ្នាក់ជាតិផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន បានធ្វើឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងមានការចូលរួមពីតំណាង UNICEF ប្រចាំកម្ពុជា និង WHO ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអភិបាលរងរាជធានី-ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលទាំង ២៥ ខេត្ត-ក្រុង និងមន្ត្រីសុខាភិបាល ដៃគូអភិវឌ្ឍន៍ មាតាបិតា និងកុមារីគោលដៅ (ផ្ទាល់ និងអនឡាញ)។
ថ្លែងក្នុងពិធីនេះលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានប្រាប់មន្រ្តីពាក់ព័ន្ធចូលរួមថា ពិធីមានគោលបំណងជូនដំណឹងពីការចាប់ផ្តើមយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ទៅដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងមាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទូទាំងប្រទេស បានដឹងពីព័ត៌មាន ទីតាំង ពេលវេលា ត្រូវនាំកូនជាកុមារីដែលមានអាយុ៩ឆ្នាំ ដល់១៤ឆ្នាំ មកទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន។ លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ចំណែកលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ តំណាងឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា តាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការ CHAI ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អនុវត្តនូវយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទូទាំងប្រទេសនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅតាមសហគមន៍ និងតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ចំនួន២គឺ៖ ទី១-ការអនុវត្តយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ១៣ឆ្នាំ ដល់ ១៤ឆ្នាំ និងផ្តល់ដល់កុមារីអាយុពី១០ឆ្នាំ ដល់១២ឆ្នាំ ដែលមិនទាន់បានទទួលពីមុនមក និងទី២- ការបន្តផ្តល់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនជាប្រចាំដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំងប្រទេស។
សូមជម្រាបថា យុទ្ធនាការថ្នាក់ជាតិក្នុងឆ្នាំ២០២៦ នេះ នឹងត្រូវអនុវត្តជា ២ដំណាក់កាល គឺ៖ ដំណាក់កាលទី១ អនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងរាជធានី-ខេត្តចំនួន១២ រួមមាន រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងខេត្តប៉ៃលិន
ចំណែកដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងខេត្តចំនួន ១៣ទៀត រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងខេត្តត្បូងឃ្មុំ។
តាមរយៈការប្រកាសយុទ្ធនាការនេះលោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកុមារីដែលមានអាយុពី ៩ឆ្នាំ ដល់១៤ឆ្នាំទាំងអស់ រួមទាំងកុមារីអាយុ ១៣-១៤ឆ្នាំ កុមារី អាយុ ១០-១២ឆ្នាំ ដែលមិនទាន់បានទទួលវ៉ាក់សាំងពីមុន និងកុមារីអាយុ ៩ឆ្នាំ មកទទួលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលយុទ្ធនាការនេះ នៅតាមសាលារៀន មណ្ឌលសុខភាព និងតាមភូមិ-សហគមន៍ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាល៕
ដោយ៖ហេង សម្បត្តិ
