ក្រសួងរៀបចំដែនដី បន្តយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកដំណោះស្រាយ និងទីជម្រកសមរម្យជូនប្រជាពលរដ្ឋរស់នៅទីតាំងមិនរៀបរយតាមដងផ្លូវសាធារណៈ
រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកដំណោះស្រាយ និងទីជម្រកសមរម្យជូនប្រជាពលរដ្ឋរស់នៅទីតាំងមិនរៀបរយតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយចៅសង្កាត់ និងមេភូមិ ដែលមានផ្ទុកបញ្ហាសំណង់មិនរៀបរយក្នុងមូលដ្ឋាន ខេត្តសៀមរាប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការជួបប្រជុំគ្នានាពេលនេះ គឺក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពរស់នៅជាក់ស្តែង ក៏ដូចជាការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងទីជម្រក និងដីធ្លីរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ និងដីធ្លីជូនប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីធានាបាននូវស្ថិរភាព និងគុណភាពជីវិតកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះ មិនអាចសម្រេចបានដោយជោគជ័យឡើយ ប្រសិនបើគ្មានការចូលរួមសហការយ៉ាងសកម្ម និងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចុះដោះស្រាយបញ្ហាប្រឈមដល់មូលដ្ឋានផ្ទាល់ ដើម្បីកសាងសង្គមជាតិមួយដែលមានការអភិវឌ្ឍ និងមានភាពសុខដុមរមនា ។
បន្ទាប់បញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងអាជ្ញាធរដែនដី រួមនឹងក្រុមការងារ បានអញ្ជើញចុះពិនិត្យសំណង់មិនរៀបរយក្នុងមូលដ្ឋាន និងទីតាំងសំណង់ ដែលស្ម័គ្រចិត្តរួច ពុំទាន់រុះរើ នៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងខ្លាំងអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាពិសេសទៅលើការស្វែងរកដំណោះស្រាយ និងការរៀបចំទីជម្រកសមរម្យជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ ឬតាមដងផ្លូវសាធារណៈ។ ជាក់ស្តែង នៅខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅមិនរៀបរយចំនួន ១ ៧៣៨គ្រួសារ ស្មើនឹង ១ ៥៥១ខ្នងផ្ទះ ដែលក្រសួងនិងអាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវ និងចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលទិន្នន័យ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងចំគោលដៅ។
ក្រសួងមិនត្រឹមតែគិតគូរអំពីការដោះស្រាយបញ្ហាទីតាំងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននឹងកំពុងគិតគូរលើការ សម្បទានជម្រកសង្គម និងវិធានការគាំទ្រផ្សេងៗ ដើម្បីធានាឱ្យបងប្អូនទទួលបានទីជម្រកដែលមានសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
កិច្ចការងារនេះ គឺដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានលំនឹងជីវភាព មានបន្ទប់គេងស្អាត បន្ទប់ទឹកស្អាត ចង្ក្រានបាយស្អាត មានម្ហូបអាហារលើតុ ព្រមទាំងមានសណ្តាប់ធ្នាប់រស់នៅល្អប្រសើរ និងមានឱកាសក្នុងការកសាងអនាគតគ្រួសារប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ




