សម្តេចធិបតី ជំរុញឱ្យសម្រេចអត្រាគ្របដណ្តប់អនាម័យមូលដ្ឋាន ១០០% នៅឆ្នាំ២០៣០
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីជំរុញអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចបាន ១០០% នៅឆ្នាំ២០៣០ បន្ទាប់ពីកម្ពុជាសម្រេចបានអត្រាគ្របដណ្តប់កម្រិតមូលដ្ឋាន ៩៥% រួចហើយនាពេលបច្ចុប្បន្ន។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់អនាម័យជនបទ ដោយដាក់ចេញនូវគោលដៅជំរុញផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៧។
ក្នុងសារលិខិតនោះ ប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ពីសមិទ្ធផលដែលសម្រេចបាននាពេលបច្ចុប្បន្ន ដោយអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋាននៅទូទាំងប្រទេសបានកើនឡើងដល់ ៩៥% ហើយរាជធានី-ខេត្តទាំង ២៥ បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង។
សមិទ្ធផលមិនធ្លាប់មានពីមុនមកនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គមជាតិ តាមរយៈការលើកកម្ពស់សុខភាពពលរដ្ឋ បង្កើនអាយុសង្ឃឹមរស់ជាមធ្យម លុបបំបាត់ជំងឺអាសន្នរោគ កាត់បន្ថយជំងឺរាករូស ជំងឺឆ្លងផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាក្រិសក្រិន និងស្គមស្គាំងរបស់កុមារអាយុក្រោម ៥ឆ្នាំ ព្រមទាំងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចដោយកាត់បន្ថយការចំណាយថវិកាលើការព្យាបាលជំងឺ។
ទោះជាយ៉ាងណា សម្តេចធិបតីបានកត់សម្គាល់ឃើញពីបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ដូចជាអត្រាទទួលបានសេវាអនាម័យកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាពរបស់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារនៅតំបន់បរិស្ថានប្រឈមនៅមានកម្រិត រួមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអនាម័យ និងប្រភពទឹក។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានានិរន្តរភាពឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍ បន្តជំរុញនិងគាំទ្រគ្រប់រូបភាព ដើម្បីរក្សាបាននូវនិរន្តរភាពរាជធានី ខេត្ត ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបន្តជំរុញឱ្យសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នៅទូទាំងប្រទេស។
សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ជនរួមជាតិប្រកាន់យកនូវទម្លាប់ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងអនាម័យល្អជាប្រចាំថ្ងៃ ជាពិសេសការលាងដៃនឹងសាប៊ូ អនាម័យចំណីអាហារ ការប្រើប្រាស់បង្គន់អនាម័យ និងការរក្សា បរិស្ថានរស់នៅស្អាត៕




ទួន សុផល