ព្រៃកោងកាងកោះកាពិ កំពុងប្រែក្លាយជាប្រភពចំណូលសម្រាប់ពលរដ្ឋ

របរនេសាទ និងការកែច្នៃផលនេសាទ មិនត្រឹមតែជាប្រភពចំណូលដ៏សំខានរបស់ពលរដ្ឋនៅតំបន់រ៉ាមសារកោះកាពិនៃ​ខេត្តកោះកុង​ប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នត្រូវបានអភិវឌ្ឍទៅជាខ្សែច្រវាក់ផលិតកម្មដែលស្របនឹងការអភិរក្សជីវៈចម្រុះ។ ទន្ទឹមគ្នានេះ ព្រៃកោងកាងដ៏​ក្រាស់​ឃ្មឹកនៅតំបន់នេះ ក៏កំពុងទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍ធម្មជាតិផងដែរ។

របាយការណ៍របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានបង្ហាញថា អង្គការសហការជាមួយមូលនិធិ 30×30 Southeast Asia Ocean Fund កំពុងគាំទ្រសហគមន៍ឱ្យអនុវត្តវិធីសាស្ត្រ​នេសាទ​បែបមិត្តភាពបរិស្ថាន ដើម្បីបង្កើនប្រាក់ចំណូល និងការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ។

តាមរយៈការចុះវាយតម្លៃផ្ទាល់នៅសហគមន៍កោះស្រឡៅ និងកោះកាពិ ក្រុមការងារបានកំណត់យកផលិតផលសក្តានុពលជាអាទិភាព​ចំនួន ៣ រួមមាន៖ ផលិតផលកាពិ គ្រឿងសមុទ្រក្រៀម និងសាច់ក្តាម។ ការវាយតម្លៃនេះបានសិក្សាស៊ីជម្រៅទៅលើបច្ចេកទេសនេសាទ ការកែច្នៃ និងការស្វែងរកទីផ្សារ ដោយផ្តោតជាសំខាន់លើការបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ស្ត្រី និងកាត់បន្ថយផលប៉ះពាល់​អវិជ្ជមានដល់ធនធានសមុទ្រ ឈានទៅចងក្រងជាសហគ្រាសខ្នាតតូចប្រកបដោយចីរភាពប្រចាំសហគមន៍។

ក្រៅពីសក្តានុពលនៃផលនេសាទ វិស័យទេសចរណ៍ក៏កំពុងដើរតួជាកាតាលីករដ៏សំខាន់សម្រាប់តំបន់នេះផងដែរ។ លោក និន ចាន់ដារ៉ា ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ បានបញ្ជាក់ថា ពលរដ្ឋបច្ចុប្បន្នពឹងផ្អែកទាំងស្រុងលើការនេសាទ និងទេសចរណ៍ធម្មជាតិ ដែលវិស័យទាំងពីរកំពុងដើរទន្ទឹមគ្នាជួយទ្រទ្រង់ជីវភាពសហគមន៍យ៉ាងរឹងមាំ។

លោកបានគូសរំលេច​ថា៖ «ការខិតខំអភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញដោយយកចិត្តទុកដាក់ មិនត្រឹមតែជួយបង្កើនជម្រក​សត្វ​សមុទ្រ និងផលនេសាទប៉ុណ្ណោះទេ តែបានប្រែក្លាយកោះកាពិទៅជាកញ្ចប់ទេសចរណ៍ថ្មីដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវមកកម្សាន្ត»។

សូមជម្រាបថា តំបន់រ៉ាមសារកោះកាពិ គឺជាតំបន់ដីសើមឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា ដែលគ្របដណ្ដប់ដោយព្រៃកោងកាងធំ និងក្រាស់​ជាងគេ។ទីនេះជាជម្រកដ៏សំខាន់នៃសត្វស្លាបតំបន់ឆ្នេរ ជីវៈចម្រុះសមុទ្រ និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជួយទ្រទ្រង់​ជីវភាព​ប្រជាសហគមន៍៕


ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner