អ៊ីរ៉ង់ ប្រកាសទារសំណង ការខូចខាតបរិស្ថានព្រោះស្នាដៃសង្គ្រាមអាមេរិក និងអ៊ីស្រាអែល ក្នុងវេទិកា COP31

អង់ការ៉ា ៖ អ៊ីរ៉ង់ កាលពីថ្ងៃពុធ បានប្រកាសប្រាប់សន្និសីទស្តីពីអាកាសធាតុ COP31 ថា ខ្លួនចង់បានសំណងចំពោះការខូចខាតបរិស្ថានដែលបង្កឡើងដោយការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងទៅកាន់សន្និសីទស្តីពីអាកាសធាតុ COP31 ថា ប្រទេសរបស់លោកចង់បានសំណងចំពោះការខូចខាតបរិស្ថានដែលបង្កឡើងដោយការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយលោកលើកឡើងថា បញ្ហានេះពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោកបានមានប្រសាសន៍ថា «យើងរំពឹងថា សហគមន៍អន្តរជាតិនឹងបង្កើតទំនាក់ទំនងដ៏ពិតប្រាកដ និងមានអត្ថន័យរវាងការប្តេជ្ញាចិត្តលើបញ្ហាអាកាសធាតុក្នុងគ្រាមានសន្តិភាព និងការទទួលខុសត្រូវក្នុងគ្រាមានសង្គ្រាម ព្រមទាំងធ្វើការកត់ត្រា និងវាយតម្លៃការខូចខាតបរិស្ថានដែលបង្កឡើងដោយការឈ្លានពានផ្នែកយោធា និងបង្កើតយន្តការផ្តល់សំណង»។

បើតាម Rueters, ការលើកឡើងរបស់លោក គឺជាផ្នែកមួយនៃសុន្ទរកថារបស់ប្រមុខរដ្ឋនានា ដែលបានថ្លែងជាបន្តបន្ទាប់គ្នា នៅថ្ងៃទីបីនៃសន្និសីទរយៈពេលពីរសប្តាហ៍ នៅក្នុងប្រទេសតួកគី។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅចុងខែកុម្ភៈ។ ជម្លោះនេះ ដែលបានរាលដាលដល់ប្រទេសលីបង់ និងតំបន់ឈូងសមុទ្រ បានពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើកលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ និងតំបន់ជុំវិញនោះ ព្រមទាំងការវាយប្រហារលើនាវាដឹកជញ្ជូនផងដែរ។

អ៊ីរ៉ង់ក៏បានវាយប្រហារជាញឹកញាប់លើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
ការវាយប្រហារទាំងនោះបានបង្កឱ្យមានការខូចខាតដល់បរិស្ថាន រួមទាំង ការលេចធ្លាយប្រេងក្នុងបរិមាណច្រើន។

សង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់នេះ ក៏អាចនាំឱ្យមានការថយចុះនៃការបំភាយឧស្ម័នសរុបនៅទូទាំងពិភពលោកផងដែរ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner