មេហេសបូឡា ៖ បរាជ័យ លោក ត្រាំ ក្នុងការបោះឆ្នោត ប្រៀបដូចការរញ្ជួយដីនៅអាមេរិក
បេរូត ៖ លោក ណៃម កាសេម (Naim Qassem) មេដឹកនាំក្រុមប្រដាប់អាវុធហេសបូឡាបានថ្លែងកាលពីថ្ងៃពុធថា បរាជ័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប្រៀបដូចការរញ្ជួយដីនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាដែលបានផ្សាយតាមទូរទស្សន៍ ក្នុងឱកាសរំលឹកទិវាអ្នកពលីជីវិត (Martyrs’ Day) របស់ក្រុម, មេដឹកនាំក្រុមហេសបូឡា (Hezbollah) រូបនេះ ថែមទាំងបានពណ៌នាអំពីលទ្ធផលបោះឆ្នោតនេះថា ជា «ឱកាសដ៏ល្អមួយ» អាចផ្តល់ផលវិជ្ជមានដល់ប្រទេសលីបង់។
លោករៀបរាប់ថា «សូមមក យើងរួមគ្នាស្ថាបនាប្រទេសរបស់យើងឡើងវិញ សង្គ្រោះវាចេញពីភាពងងឹតនៃបរាជ័យ និងការពារវាពីវោហារសាស្ត្រទទេស្អាតរបស់ពួកអ្នកដែលបង្កជម្លោះបែកបាក់ និងពួកអ្នកដែលពឹងផ្អែកលើការត្រួតត្រារបស់អាមេរិក»។
លោកបន្ថែមថា «ប្រទេសលីបង់ ជារបស់យើងទាំងអស់គ្នា។ យើងគឺជាដៃគូក្នុងការកសាងប្រទេសនេះ និងរួមគ្នាទទួលខុសត្រូវលើការចំណាយដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន»។
បើតាម aljazeera , ក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពជាប់គាំងជាមួយលោក Joseph Aoun ប្រធានាធិបតីលីបង់ដែលគាំទ្រដោយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណួរថាតើក្រុមនេះនឹងព្រមប្រគល់អាវុធរបស់ខ្លួនឬយ៉ាងណា។ នេះគឺជាចំណាត់ការមួយដែលទីក្រុងវ៉ាស៊ីនតោនចង់ឃើញ ប៉ុន្តែក្រុមហេសបូឡាអះអាងថា ការធ្វើបែបនេះនឹងស្មើនឹងការចុះចាញ់អ៊ីស្រាអែល។
មេដឹកនាំក្រុមហេសបូឡាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងមិនប្រគល់អាវុធរបស់ខ្លួនឡើយ ដោយលើកហេតុផលថា អ៊ីស្រាអែលនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃតំបន់ភាគខាងត្បូងប្រទេសលីបង់៕
ប្រភព៖ Aljazeera ប្រែសម្រួល ៖ សារ៉ាត