សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូចិន បើកកម្មវិធីសិក្សាថ្មីជំនាញ E-Commerce និងគ្រប់គ្រងភស្តុភារកម្មទំនើប

 ភ្នំពេញ៖ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ​សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងក្រុមហ៊ុនចិនឈានមុខចំនួន៥ ដើម្បីសហការបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងគ្រប់គ្រងភស្តុភារកម្មទំនើប ដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងទីផ្សារការងារជាក់ស្តែង។
 
កិច្ចសហប្រតិបត្តិការដែលប្រកាសជាផ្លូវការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦​ធ្វើឡើងក្រោមកម្មវិធីមហាវិទ្យាល័យ​សេដ្ឋកិច្ចនិង​ពាណិជ្ជ​កម្មកម្ពុជា-ចិន (CCEC) ដែលជាកិច្ចសហការរវាង UEF និងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ ប្រទេសចិន។ កម្មវិធីនេះ​អនុវត្តតាមរូបមន្ត ១+២+១ ដោយនិស្សិតសិក្សានៅកម្ពុជាក្នុងឆ្នាំទី១ និងឆ្នាំទី៤ ហើយទៅសិក្សានៅប្រទេសចិនក្នុងឆ្នាំទី២ និងឆ្នាំទី៣។ ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដែលទទួលស្គាល់ផ្លូវការដោយក្រសួងអប់រំនៃប្រទេសទាំងពីរ។
 
សម្រាប់កម្មវិធីសិក្សារយៈពេល ៤ឆ្នាំនេះ និស្សិតតម្រូវឱ្យបង់ថ្លៃសិក្សាតែ ២ឆ្នាំប៉ុណ្ណោះ។ ក្នុងអំឡុងពេលសិក្សានៅប្រទេសចិន និស្សិតនឹង​ទទួលបានការឧបត្ថម្ភកន្លែងស្នាក់នៅ អាហារ ធានារ៉ាប់រងសុខភាព ព្រមទាំងឱកាសទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាល​ចិនសម្រាប់និស្សិតឆ្នើម។
 
សហគ្រាសចិនជាដៃគូនឹងចូលរួមគាំទ្រយ៉ាងសកម្មតាមរយៈការផ្តល់ឱកាសចុះធ្វើទស្សនកិច្ចសិក្សា កម្មសិក្សាអនុវត្តផ្ទាល់ក្នុងបន្ទប់ពិសោធន៍ និងការដ្ឋានការងារនៅតាមរោងចក្រក្រុមហ៊ុនដៃគូ ដើម្បីផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពីអ្នកជំនាញចិន ព្រមទាំងផ្តល់ឱកាស​ការងារ​ភ្លាមៗទាំងក្នុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។
 
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារឌីជីថល និងពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាស​ស្វាគមន៍​សិស្ស និស្សិត និងសាធារណជន ចុះឈ្មោះចូលរៀនបវេសនកាលថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ លើជំនាញ​បរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងជំនាញគ្រប់គ្រងភស្តុភារកម្មទំនើប (Modern Logistics Management)៕


 ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner