លោក ត្រាំ ៖ ពិភពលោកទាំងមូលនឹងសុវត្ថិភាពជាងមុន ពេលសង្គ្រាមអ៊ីរ៉ង់ចប់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃពុធថា នៅពេលដែលសង្គ្រាមអ៊ីរ៉ង់បិទបញ្ចប់ នោះពិភពលោកទាំងមូលនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុន។
ក្នុងឱកាសរំលឹកទិវាអតីតយុទ្ធជនសហរដ្ឋអាមេរិក, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានរៀបរាប់ថា «នៅពេលដែលជម្លោះនេះបញ្ចប់ទៅ — ហើយវានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ — ពិភពលោកទាំងមូលនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុន ប្រសើរជាងមុន និងពោរពេញដោយសន្តិភាពជាងមុន ព្រមទាំងជាកន្លែងដែលគ្មានគ្រោះថ្នាក់ដូចអ្វីដែលយើងធ្លាប់បានជួបប្រទះនោះទេ»។
យោងតាមតួលេខចុងក្រោយពីមន្ទីរបញ្ចកោណ, សង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានបណ្តាលឱ្យយោធាអាមេរិកចំនួន ២៣ នាក់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរងរបួស។
លោក ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថាមួយ នៅឯទីបញ្ចុះសពជាតិ Arlington ដែលស្ថិតនៅក្បែរទីក្រុងវ៉ាស៊ីនតោនដែរថា «ភាពក្លាហាន និងជំនាញរបស់យុទ្ធជនអាមេរិកដ៏អស្ចារ្យរបស់យើង គឺពិតជាមិនគួរឱ្យជឿឡើយ»។
យ៉ាងណាមិញ មេដឹកនាំវ័យ៨០ឆ្នាំរូបនេះ ក៏បានថ្លែងការពារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាជម្លោះនេះ កាន់តែមិនទទួលបានការគាំទ្រពីសាធារណជន ហើយបានរួមចំណែកធ្វើឱ្យគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីសប្តាហ៍មុន ក៏ដោយ។
បើតាម CNA, លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់សមាជិកកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ ជាមួយគ្នានេះ លោកក៏បានបង្ហាញការគាំទ្រចំពោះរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ផងដែរ ពោលគឺបន្ទាប់ពីសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិក បានរារាំងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីចោទប្រកាន់ទម្លាក់រូបលោកចេញពីតំណែង។
លោក ត្រាំ បាននិយាយអំពីប្រមុខក្រសួងការពារជាតិរូបនេះថា «គាត់បានបំពេញការងារបានយ៉ាងល្អប្រសើរ»៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត