កម្ពុជាគាំទ្រហ្វីលីពីនធ្វើម្ចាស់ផ្ទះ AIPA ខណៈប្រធានរដ្ឋសភាស្នើឱ្យហ្វីលីពីនបង្កើនការវិនិយោគលើ SME

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋសភាហ្វីលីពីន ដែលបានជ្រើសរើសយកមូលបទ «តម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាស្នូល» សម្រាប់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នាពេលខាងមុខ។ ទន្ទឹមនឹងជំនួបការទូតនេះ សម្តេចក៏បានអំពាវនាវឱ្យហ្វីលីពីន ជួយជំរុញការវិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម (SME) និងទាក់ទាញទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។

ការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង សម្ដេច ជាមួយឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី (Senen T. Mangalile) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងជំនួបនោះសម្ដេច ឃួន សុដារី បានគូសរំលេចថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងហានិភ័យ និងវិបត្តិសេដ្ឋកិច្ច ។ដូចនេះការទូតសភាពិតជាមានតួនាទីរឹតតែសំខាន់ ដើម្បីធានាសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

ផ្អែកលើស្មារតីនេះ សម្តេចមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត AIPA លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នឹងទទួលបាន​ជោគជ័យត្រចះត្រចង់។
គួរជម្រាបថា សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមមហាសន្និបាត​នេះដោយផ្ទាល់ចាប់ពី​ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ។

ក្នុងឱកាសនេះដែរសម្ដេចប្រធានរដ្ឋសភា តាមឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីន សម្តេចបានស្នើឱ្យជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងរួមចំណែកជាង ៦០ភាគរយនៃចំណូលជាតិ ក៏ដូចជាការជំរុញលំហូរ​ទេសចរ​ហ្វីលីពីន និងការបន្តផ្តល់អាហារូបករណ៍បណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីរដ្ឋសភាកម្ពុជាផងដែរ។

សម្ដេចប្រធានរដ្ឋសភា ក៏បានរំលឹកគុណហ្វីលីពីនដែលធ្លាប់បានគាំទ្របេសកកម្មអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការពង្រឹងបទឈប់​បាញ់កម្ពុជា-ថៃ កាលពីអតីតកាល ដោយសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់កម្ពុជាថា «កម្ពុជា គោរពច្បាប់អន្តរជាតិ និងមិនត្រូវ​ការសង្គ្រាមនោះឡើយ»។

ជាការឆ្លើយតប ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានឯកភាពយ៉ាងពេញទំហឹងនូវទស្សនៈរបស់សម្តេច និងបានសន្យាថានឹងខិតខំជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាប​ឱ្យដឹងពីគម្រោងរៀបចំជំនួប​ពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន នាឆ្នាំ២០២៧ ខាងមុខផងដែរ។

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner