អ្នកនាំពាក្យ៖ ស្របពេលនៃការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី, ព្រះរាជាណាចក្រកម្ពុជាក៏ទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២ និងទស្សនកិច្ចផ្លូវការ១

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ស្របពេលនៃការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២ និងទស្សនកិច្ចផ្លូវការ១។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទាំង២រួមមាន៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame)ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យបន្តថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ប្រធានាធិបតីបារាំងនឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជួបប្រជុំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។

កិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ នឹងត្រូវចុះហត្ថលេខារវាងភាគីកម្ពុជានិងបារាំង ក្នុងអំឡុងទស្សនកិច្ចនេះ។ ឯកសារកិច្ចព្រមព្រៀងទាំងនោះនឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកម្ពុជានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ពីព្រោះនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ប្រធានាធិបតី ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ១៩៩៣។

ចំណែកឯប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តម ផូល ខាហ្គាម៉េ ក៏នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងមានជំនួបដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្ដូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍ ក៏នឹងត្រូវចុះហត្ថលេខាដើម្បីផ្ដល់នូវកម្លាំងចលករថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងរវ៉ាន់ដា។ រីឯនាយករដ្ឋមន្ត្រីកាណាដា ឯកឧត្តម Mark Carney ក៏នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះដែរ៕
ដោយ៖ពលជ័យ

ads banner