កម្ពុជា ដាក់ពង្រាយកម្លាំងជិត ២ម៉ឺននាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្តិសុខចំនួន២ម៉ឺននាក់ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
នេះជាប្រវត្តិសាស្ត្រលើកដំបូងហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងមកពីប្រទេសសមាជិកជិត៩០ប្រទេស នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងសន្តិសុខនឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ តាមដងផ្លូវដែលគណៈប្រតិភូធ្វើដំណើរ សណ្ឋាគារស្នាក់នៅរបស់គណៈប្រតិភូ ទីតាំងប្រជុំ និងទីតាំងរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនានា រួមទាំងភូមិហ្វ្រង់កូហ្វូនី ដែលរៀបចំនៅសួនច្បារវត្តបទុមវតីផងដែរ។
ជាមួយគ្នានេះអាជ្ញាធរនឹងមានការបង្វែរចរាចរណ៍ និងបិទផ្លូវមួយចំនួនជាបណ្តោះអាសន្ន នៅតាមផ្លូវដែលគណៈប្រតិភូជាន់ខ្ពស់ត្រូវធ្វើដំណើរឆ្លងកាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជៀសវាងការកកស្ទះចរាចរណ៍។
ចំណែកសាលារៀនទាំងរដ្ឋ និងឯកជននៅក្នុងរាជធានីភ្នំពេញ ក៏នឹងផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះផងដែរ។
ក្រៅពីការងារសន្តិសុខ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការរៀបចំទទួលបដិសណ្ឋារកិច្ច ដើម្បីធានាថា ថ្នាក់ដឹកនាំអន្តរជាតិ គណៈប្រតិភូ និងអ្នកសារព័ត៌មានដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងមានភាពងាយស្រួលក្នុងការបំពេញការងារ។ ចំពោះ សណ្ឋាគារលំដាប់ផ្កាយប្រាំនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានចុះត្រួតពិនិត្យផងដែរ ដោយផ្តោតលើគុណភាពសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅ និងសុវត្ថិភាពចំណីអាហារ។
ចំពោះការកែលម្អហេដ្ឋារចនាសម្ព័ន្ធវិញ អាជ្ញាធរបានជួសជុល និងពង្រីកផ្លូវ គូសគំនូសចរាចរណ៍ និងដាក់ស្លាកសញ្ញាថ្មីៗ នៅតាមមហាវិថីសំខាន់ៗមួយចំនួន។ ជាមួយគ្នានេះ ក៏បានរៀបចំសម្អាត និងកែលម្អសួនច្បារសាធារណៈ តំបន់ជុំវិញវិមានសន្តិភាព បង្គន់សាធារណៈ ផ្លូវថ្មើរជើង និងតំបន់មាត់ទន្លេផងដែរ។
ដោយឡែក ក្រសួងព័ត៌មានក៏បានរៀបចំមជ្ឈមណ្ឌលព័ត៌មាន ដោយបំពាក់អ៊ីនធឺណិតល្បឿនលឿន និងឧបករណ៍ផ្សេងៗ ដើម្បីសម្រួលដល់ការផ្សាយផ្ទាល់ និងការបំពេញការងាររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំនួនខ្ទង់ពាន់នាក់
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មានប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ស្របជាមួយកិច្ចប្រជុំកំពូល ព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរផងដែរ ក្នុងនោះមាន «ភូមិហ្វ្រង់កូហ្វូនី» ដែលជាទីតាំងសម្រាប់បង្ហាញ និងផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ និងសិល្បៈរបស់ប្រទេសនានាដែលប្រើប្រាស់ភាសាបារាំង។ ចំណែកព្រឹត្តិការណ៍មួយទៀត គឺ «វេទិកាហ្វ្រង់កូតិច» ដែលនឹងនាំធុរជន និងវិនិយោគិនកម្ពុជា ជួបជាមួយដៃគូអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងរកឱកាសពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា៕


ដោយ៖សៅ សុខអេង