កម្ពុជា កំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២លាននាក់ ត្រឹមឆ្នាំ២០២៨
កម្ពុជាបានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ នៅត្រឹមឆ្នាំ២០២៨ បន្ទាប់ពីអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៥០ម៉ឺននាក់ហើយ ដែលបានចុះបញ្ជី ក្នុងចំណោមអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦,២លាននាក់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។
សម្រាប់ឯកឧត្តម ហែម វណ្ណឌី សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តលើកទឹកចិត្តផ្នែកបច្ចេកទេស ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួច មានជីវភាពកាន់តែប្រសើរ, អាជីវកម្មកាន់តែរឹងមាំ និងឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចុះឈ្មោះសរុប ៥៦៨.៥៨២សំណើ ក្នុងនោះ ៥៣២.២៤៧សំណើ ត្រូវបានអនុម័តរួចរាល់។
សូមជម្រាបថា ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ។បច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២ពាន់សំណើក្នុងមួយថ្ងៃ។ នេះបើតាមក្រសួងឧស្សាហកម្ម អះអាង។
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យងាកមកចុះឈ្មោះនៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការលើកទឹកចិត្ត ការថែបំប៉នផ្សេងៗ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
ដោយ៖ខន ណារី

