សម្តេចធិបតីជំរុញឱ្យមានបង្គន់អនាម័យនៅតាមសាលារៀន វត្ត និងទីសាធារណៈនៅជនបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលឃុំ សង្កាត់ ត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញ ដើម្បីជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សា មណ្ឌលសុខភាព វត្តអារាម​ និងទីសាធារណៈ​នៅជនបទ មានបន្ទប់ទឹកអនាម័យ កន្លែងលាងដៃ និងការថែរក្សាអនាម័យជាប់ជាប្រចាំ។

ការណែនាំនេះ ធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៧ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី​ បានផ្តល់អនុសាសន៍នេះដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រាមជាតិ ជាពិសេស រដ្ឋបាលឃុំ និងសង្កាត់ ដាក់​បញ្ជូល​គម្រោងនេះ​នៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងកម្មវិធិវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាលជំរុញដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបានការបញ្ចប់ការបន្ទោរបង់​ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។​

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋានប្រមាណ៩៥ភាគរយហើយ ខណៈរាជធានី និងខេត្តទាំង២៥ សម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)។ ប៉ុន្តែការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) គឺមានតែ៣នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងប៉ុណ្ណោះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់គោលដៅជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់១០០ភាគរយ នៅឆ្នាំ២០៣០។

ការលើកកម្ពស់អនាម័យ និងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ មានសារៈសំខាន់ចំពោះសុខភាពប្រជាពលរដ្ឋ ព្រោះអាចជួយកាត់បន្ថយជំងឺអាសន្នរោគ ជំងឺរាករូស ជំងឺពោះវៀន និងជំងឺឆ្លងផ្សេងៗ។ ជាពិសេស ជួយកាត់បន្ថយបញ្ហាក្រិសក្រិន និងស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ។​

យោងតាមលទ្ធផលជំរឿន​​ឆ្នាំ២០២៤ កម្ពុជាមានប្រជាជនសរុបចំនួនជិត ១៧លាន ៣សែននាក់ ក្នុងនោះជាង ៧លាននាក់​រស់នៅទីប្រជុំជន ហើយជាង ១០លាននាក់រស់នៅទីជនបទ៕

សៅ សុខអេង

ads banner