ប្រធានាធិបតីរវ៉ាន់ដា អញ្ជើញដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
នៅរសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកានេះឯកឧត្តម ប៉ុល ខាហ្កាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការអញ្ជើញមកដល់នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ គណៈប្រតិភូជាន់ខ្ពស់រវ៉ាន់ដា ត្រូវបានទទួលការស្វាគមន៍ដោយផ្ទាល់ពីសំណាក់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
យោងតាមរបៀបវារៈបញ្ជាក់ដោយក្រសួងការបរទេសបង្ហាញថា ក្នុងអំឡុងពេលនៃការស្នាក់នៅកម្ពុជា ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។បន្ទាប់មកឯកឧត្តមនឹងបន្តជំនួបកំពូលដាច់ដោយឡែកពីគ្នាជាមួយស្ថាប័នកំពូលទាំង៣របស់កម្ពុជា រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈ និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការជាច្រើន ដែលគ្របដណ្ដប់លើវិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានរំពឹងថានឹងក្លាយជាចលករថ្មីមួយ ក្នុងការបើកច្រកសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ក្រៅពីទស្សនកិច្ចឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ផងដែរ៕
ដោយ៖វណ្ណលុក



