អ៊ីរ៉ង់ ប្រកាសផលិតបានមីស៊ីលផ្លោងចំនួន ៥០ គ្រាប់ក្នុងមួយខែ ក្រោយជម្លោះជាមួយអាមេរិក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ប្រកាសផលិតបានមីស៊ីលផ្លោងចំនួន ៥០ គ្រាប់ក្នុងមួយខែ ដែលតួលេខនេះស្មើនឹងពាក់កណ្តាលនៃសមត្ថភាពផលិតសរុបប្រចាំខែ ក្រោយពេលផ្ទុះជម្លោះជាមួយអាមេរិក ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ចារកម្មលោកខាងលិច ដែលត្រូវបាន Times of Israel ចេញផ្សាយកាលពីថ្ងៃ ពុធ ។

មន្រ្តីលោកខាងលិចម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ Bloomberg ដោយផ្អែកលើរបាយការណ៍ចារកម្មថា ប្រទេសអ៊ីរ៉ង់នៅសល់មីស៊ីលផ្លោងចំនួន ១.៧០០ គ្រាប់ទៀតនៅក្នុងឃ្លាំងស្តុកសព្វាវុធរបស់ខ្លួន ។

ទន្ទឹមគ្នា អ៊ីរ៉ង់ក៏កំពុងបន្តផលិតមីស៊ីលថែមទៀតផងដែរ ទោះបីជាសមត្ថភាពយោធាធម្មតារបស់ខ្លួន ត្រូវបានបំផ្លាញយ៉ាងច្រើន ដោយសារការវាយប្រហារតាមផ្លូវអាកាសរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលក៏ដោយ ។

យោងតាមការប៉ាន់ស្មានរបស់កាសែត Bloomberg, ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែចុងខែកុម្ភៈឆ្នាំនេះ កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងអស់ប្រហែល ២.២០០ គ្រាប់ និងយន្តហោះដ្រូនអត្តឃាតប្រភេទ Shahed អស់ជាង ៤.៩០០ គ្រឿង ។

ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យអាមេរិកប្រើប្រាស់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot យ៉ាងហោចណាស់ ១.០០០ គ្រាប់ ។

ប៉ុន្តែសមត្ថភាពផលិតមីស៊ីលស្ទាក់ចាប់របស់អាមេរិកបានត្រឹមតែ ៦៥០ គ្រាប់ក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។

មកទល់ពេលនេះ សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់បានអូសបន្លាយពេលជាង ៨ ខែមកហើយ ដោយវាបានបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា, បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខតំបន់, ការដឹកជញ្ជូនតាមសមុទ្រ និងទីផ្សារថាមពលពិភពលោក ៕

ប្រភព ៖ Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner