អ៊ុយក្រែន រំពឹងទទួលបានយន្តហោះចម្បាំង Gripen ឥតគិតថ្លៃពី ស៊ុយអែត នៅដើមឆ្នាំក្រោយ
កៀវ ៖ ប្រទេសអ៊ុយក្រែនរំពឹងទទួលបានយន្តហោះចម្បាំង Gripen ផលិតដោយប្រទេសស៊ុយអែតកញ្ចប់ដំបូងនៅដើមឆ្នាំ ២០២៧ ខាងមុខ ។ នេះបើតាមការអះអាងរបស់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃអង្គារ ។
បើតាម Kyiv Independent, យន្តហោះចម្បាំងដែលនឹងមកដល់ដំបូងនៅដើមឆ្នាំក្រោយ គឺជាយន្តហោះប្រភេទ Gripen C/D ដែលស៊ុយអែតបានសន្យាផ្តល់ឱ្យអ៊ុយក្រែនដោយឥតគិតថ្លៃចំនួន ១៦ គ្រឿង កាលពីខែឧសភា ឆ្នាំ ២០២៦ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក, លោកប្រ Zelensky បញ្ជាក់ថា យន្តហោះចម្បាំង Gripen ទាំងនេះ អាចនឹងមកដល់នៅខែមករា ឬខែកុម្ភៈឆ្នាំក្រោយ ហើយអ៊ុយក្រែនក៏បានជំរុញឱ្យដៃគូពន្លឿនការដឹកជញ្ជូនយន្តហោះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានផងដែរ ។
លោក Zelensky អះអាងថា យន្តហោះចម្បាំងទាំងនេះ មានសារៈសំខាន់ខ្លាំងសម្រាប់ពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ជាពិសេសក្នុងប្រតិបត្តិការស្ទាក់ចាប់ និងទប់ទល់ការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ី ។
មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានសង្កត់ធ្ងន់លើតម្រូវការយន្តហោះចម្បាំង F-16 បន្ថែម និងគ្រាប់រំសេវសម្រាប់បំពាក់ Gripen ផងដែរ ដោយសារតែយន្តហោះមួយចំនួន ដែលអ៊ុយក្រែនកំពុងប្រើប្រាស់មានអាយុកាលចាស់ និងត្រូវការជួសជុលជាប្រចាំ ។
ក្រៅពីជំនួយយន្តហោះ, អ៊ុយក្រែន និងស៊ុយអែតក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែមិថុនា ឆ្នាំ ២០២៦ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងជំនាន់ថ្មី Gripen E ចំនួន ១៦ គ្រឿងថែមទៀតផងដែរ ហើយគ្រោងនឹងចាប់ផ្តើមប្រគល់នៅឆ្នាំ ២០២៩ ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ។
ប្រភពបានទម្លាយឱ្យដឹងទៀតថា អ៊ុយក្រែនមានបំណងបញ្ជាទិញយន្តហោះចម្បាំង Gripen E/F ចន្លោះពី ១០០ ទៅ ១៥០ គ្រឿង ព្រមទាំងមានផែនការបង្កើតទីតាំងផលិត និងថែទាំយន្តហោះប្រភេទនេះនៅក្នុងទឹកដីប្រទេសអ៊ុយក្រែនផ្ទាល់នៅឆ្នាំ ២០៣៣ ផងដែរ ៕
ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

