អឺរ៉ុប ត្រៀមបញ្ចេញកញ្ចប់ទណ្ឌកម្មជុំទី ២២ ប្រឆាំងនឹង រុស្ស៊ី

ព្រុចសែល ៖ សហភាពអឺរ៉ុប (EU) កំពុងត្រៀមបញ្ចេញកញ្ចប់ទណ្ឌកម្មជុំទី២២ ប្រឆាំងនឹងរុស្ស៊ី រួមទាំងផែនការហិរញ្ញវត្ថុថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការថវិការបស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៧ ។ នេះបើតាមការអះអាងរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃព្រហស្បតិ៍ ។

លោកស្រី von der Leyen បានបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប (EPC) នៅទីក្រុង Dublin ប្រទេសអៀរឡង់ ថា សំណើទាំងពីរនេះ នឹងត្រូវដាក់ជូន មុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបលើកក្រោយ ។

ជាមួយគ្នានេះ លោកស្រីក៏បានស្វាគមន៍ចំពោះកិច្ចចរចាសន្តិភាពនាពេលថ្មីៗនេះនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យអឺរ៉ុបមានតំណាងចូលរួម ក្នុងដំណើរការចរចា ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់ប្លុកនេះ ។

លោកស្រីបានថ្លែងអះអាងថា សហភាពអឺរ៉ុបនឹងនៅតែបន្តគាំទ្រអ៊ុយក្រែន មិនថា ក្នុងពេលមានសង្គ្រាម ឬក្រោយពេលសម្រេចបានសន្តិភាពក៏ដោយ ។

ចំណែកប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas ក៏បានបញ្ជាក់ដែរថា ដំណើរការចរចាសន្តិភាពគួរតែអនុវត្តតាមលំដាប់លំដោយ ដោយចាប់ផ្តើមពីបទឈប់បាញ់ជាមុនសិន ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែក និងការសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន បន្ទាប់មកទើបចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងសន្តិភាព ។

លោកស្រីបន្ថែមថា ក្រោយពីសម្រេចបានបទឈប់បាញ់ ទើបអាចពិភាក្សាអំពីរចនាសម្ព័ន្ធសន្តិសុខ និងសន្តិភាពរបស់អឺរ៉ុបបាន ដោយលោកស្រីបានសង្កត់ធ្ងន់លើតម្រូវការធានាឱ្យរុស្ស៊ីគោរពតាមកាតព្វកិច្ចរបស់ខ្លួនផងដែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner