លោក Trump គំរាមវាយ អ៊ីរ៉ង់ ភ្លាមៗ បើសិនសម្ព័ន្ធមិត្ត និងនាវា អាមេរិក រងការគំរាមកំហែង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះពាក្យសម្តីគំរាមទុកមុនថា រូបលោកនឹងបញ្ជាឱ្យប្រើកម្លាំងយោធាវាយប្រហារលើអ៊ីរ៉ង់ភ្លាមៗ ប្រសិនបើប្រទេសមួយនេះបន្តគំរាមកំហែងដល់សម្ព័ន្ធមិត្ត ឬនាវារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ ។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន Salem កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ត្រូវបានសាកសួរថាតើលោកនឹងស្ទាក់ស្ទើរដែរទេ ក្នុងការប្រើកម្លាំងយោធាដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការគំរាមកំហែងដល់សម្ព័ន្ធមិត្ត និងនាវារបស់អាមេរិក ? លោក ត្រាំ បានឆ្លើយថា រូបលោកគ្មានការស្ទាក់ស្ទើរឡើយ ហើយបច្ចុប្បន្ន អាមេរិកកំពុងដោះស្រាយស្ថានការណ៍បានយ៉ាងល្អ ។

មេដឹកនាំអាមេរិករូបនេះបន្ថែមថា ប្រសិនបើស្ថានការណ៍ប្រែប្រួលទៅក្នុងទិសដៅអវិជ្ជមាន នោះរូបលោកនឹងចាត់វិធានការយោធាភ្លាមៗ ហើយលទ្ធភាពនៃការប្រើកម្លាំងយោធាបន្ទាន់ ក៏មិនត្រូវបានបដិសេធដែរ ។

លោក ត្រាំ បាននិយាយអួតអាងថា អាមេរិកមិនបានបាត់បង់ទាហានណាម្នាក់ក្នុងពេល ៥ខែចុងក្រោយនេះទេ និងថា កងកម្លាំងអាមេរិកបានគ្រប់គ្រងយ៉ាងពេញលេញលើតំបន់ឈូងសមុទ្រ ។

នៅពេលត្រូវបានសួរនាំថាតើអាមេរិកមានឆន្ទៈបន្តការបិទខ្ទប់ផ្លូវសមុទ្ររបស់អ៊ីរ៉ង់រយៈពេលរហូតដល់ ២៦ខែ ដើម្បីធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ដួលរលំដែរទេ ? លោក ត្រាំ បានឆ្លើយតបភ្លាមៗថា របបដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលដួលរលំរួចទៅហើយ ។

លោក ត្រាំ បានពន្យល់ថា អ៊ីរ៉ង់កំពុងប្រឈមមុខនឹងអតិផរណាខ្ពស់រហូតដល់៣០១% សេដ្ឋកិច្ចរងការបំផ្លិចបំផ្លាញ និងគ្មានលទ្ធភាពបើកប្រាក់ខែដល់កងទ័ព ជាពិសេសសមត្ថភាពយោធា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អ៊ីរ៉ង់ ក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។

យ៉ាងណា ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានព្រមានថា ប្រសិនបើស្ថានការណ៍មិនដំណើរការតាមការរំពឹងទុក នោះរូបលោកនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោកថា សម្រាប់ពេលនេះ គឺមិនទាន់ចាំបាច់នៅឡើយទេ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner