តាមក្រមព្រហ្មទណ្ឌ ក្រុមបុរសបៀតបៀនស្ត្រីលក់ផ្លែឈើអាចប្រឈមទោសដាក់គុក៥ឆ្នាំ
ក្រោយផ្ទុះការចែកចាយវីដេអូលើបណ្តាញសង្គម ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានបង្ហាញពីការសោកស្តាយ និងថ្កោលទោសចំពោះទង្វើបំពានលើសេចក្តីថ្លៃថ្នូរស្ត្រី ដោយសង្កត់ធ្ងន់ថាមិនអាចយកការលេងសើចមកធ្វើជាលេសបានឡើយ។
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានប្រកាសសោកស្តាយ និងព្រួយបារម្ភជាខ្លាំង ចំពោះរូបភាពវីដេអូលើបណ្តាញសង្គម ដែលបង្ហាញពីបុរសមួយក្រុមប្រព្រឹត្តទង្វើមើលងាយ បៀតបៀន និងបំពានលើរាងកាយ ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រីប្រកបរបរលក់ផ្លែឈើម្នាក់ក្នុងពិធីជប់លៀង។
ស្ថាប័ននេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើប្រាសចាកពីសីលធម៌សង្គម និងការគោរពតម្លៃមនុស្ស ដោយមិនអាចយកការលេងសើច ឬការកម្សាន្តមកធ្វើជាលេសដោះសាបានឡើយ។ ក្រុមការងារនេះ បានសង្កត់ធ្ងន់ថា ស្ត្រីគ្រប់រូប ទោះបីប្រកបរបរ ឬមានស្ថានភាពជីវភាពបែបណាក៏ដោយ សុទ្ធតែមានសិទ្ធិទទួលបានការគោរព ការការពារ និងការប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពពេញលេញ។
ជុំវិញករណីនេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការពិនិត្យស្រាវជ្រាវ និងបញ្ជាក់អង្គហេតុឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមាន ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខុមាលភាព និងតម្រូវការជំនួយរបស់ស្ត្រីរងគ្រោះ ដោយគោរពនូវឆន្ទៈ ឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់គាត់។
ស្ថាប័នដដែលនេះ ក៏បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមប្រឆាំងនឹងទង្វើបៀតបៀន និងការរើសអើងលើស្ត្រី ព្រមទាំងជៀសវាងការចែកចាយរូបភាព វីដេអូ ឬការបញ្ចេញមតិដែលបង្កការអាម៉ាស់ បន្ទោស ឬធ្វើឱ្យស្ត្រីរូបនោះរងការឈឺចាប់ផ្លូវចិត្តបន្ថែមទៀត។
បន្ទាប់ពីរងនូវប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានពន្ធនាគារព្រៃស និងអ្នកនាំពាក្យក្រសួងការពារជាតិ ជាដើម ទីបំផុតនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ក្រុមបុរសដែលបានបំពានលើនារីលក់ផ្លែឈើ បានចេញមុខទទួលកំហុស និងសុំទោសជាសាធារណៈហើយ។
ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ប្រកាសពីការប្តេជ្ញាបន្តការពារសិទ្ធិ លើកកម្ពស់តម្លៃស្ត្រី និងពង្រឹងកិច្ចសហការទប់ស្កាត់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ ដើម្បីសង្គមមានសុវត្ថិភាព និងយុត្តិធម៌។
យោងតាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ គ្រប់អំពើប៉ះពាល់ ស្ទាប ឬអង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់អ្នកដទៃដោយគ្មានការយល់ព្រមពីបុគ្គលនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ៦លានរៀល។ ក្នុងករណីប្រព្រឹត្តដោយបុគ្គលច្រើនរូប ទោសដាក់ពន្ធនាគារនឹងកើនពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ ហើយការពិន័យនឹងកើនពី ៥លាន ទៅ១០លានរៀល៕ ទួន សុផល


