លោក ពូទីន ព្រមឲ្យ អឺរ៉ុប ចូលរួមចរចាសន្តិភាពអ៊ុយក្រែន, លោក ហ្សេឡេនស្គី ប្រកាសស្វាគមន៍
មូស្គូ ៖ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអនុញ្ញាតឱ្យអឺរ៉ុបចូលរួមក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន ខណៈលោកប្រធានាធិបតី ហ្សេឡេនស្គី ស្វាគមន៍ចំពោះលទ្ធភាពនៃការចូលរួមពីសំណាក់អឺរ៉ុប។
មន្ត្រីតំណាងសហរដ្ឋអាមេរិកម្នាក់បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមអនុញ្ញាតឱ្យតំណាងមកពីអឺរ៉ុបចូលរួមក្នុងជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពសម្រាប់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីរូបនេះបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដើម្បីស្វែងយល់ថាតើពួកគេពិតជាចង់បានសន្តិភាព ឬចង់បានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
បើតាម Reuters, ការបើកផ្លូវឱ្យអឺរ៉ុបមានកៅអីនៅតុចរចាក្នុងជុំបន្ទាប់ ដែលត្រូវបានប្រកាសដោយមន្ត្រីតំណាងសហរដ្ឋអាមេរិក លោក Steve Witkoff អាចចាត់ទុកថា ជាចំណុចរបត់ដ៏សំខាន់មួយ។ ប៉ុន្តែ ការលើកឡើងរបស់លោក ពូទីន ក៏បានបង្ហាញឱ្យឃើញថា កិច្ចចរចានេះអាចនឹងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែមានភាពខុសគ្នាខ្លាំងរវាងទីក្រុងមូស្គូ និងរដ្ឋនានានៅអឺរ៉ុប អំពីរបៀបដែលសង្គ្រាមនេះគួរតែបញ្ចប់។
លោក Witkoff បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី បន្ទាប់ពីបានជួបជាមួយលោក ពូទីន នៅវិមានក្រឹមឡាំងថា «ភាគីអឺរ៉ុបនឹងចូលរួមនៅក្នុងកិច្ចប្រជុំលើកក្រោយ ដែលយើងចាត់ទុកថាជាពេលវេលាដ៏សំខាន់បំផុត ព្រោះពួកគេគឺជាដៃគូរបស់យើង ហើយវាពិតជាសំខាន់ណាស់សម្រាប់យើងដែលពួកគេបានចូលរួម»។
ក្រោយមក លោក Witkoff និងលោក Jared Kushner ដែលជាតំណាងរបស់ប្រធានាធិបតីអាមេរិកដែរនោះ បានធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។
លោក ហ្សេឡេនស្គី បានសម្តែងការពេញចិត្តចំពោះលទ្ធភាពនៃការបន្តកិច្ចចរចា និងការចូលរួមពីសំណាក់ភាគីអឺរ៉ុបនៅក្នុងកិច្ចចរចាទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានសញ្ញានៃភាពតានតឹងថ្មីមួយចំនួនផងដែរ ដោយលោក ហ្សេឡេនស្គី បានលើកឡើងថា មានការដាក់កម្រិតថ្មីៗដែលកំពុងប៉ះពាល់ដល់ប្រព័ន្ធទំនាក់ទំនងតាមផ្កាយរណបផលិតដោយសហរដ្ឋអាមេរិក ដែលទីក្រុងកៀវកំពុងប្រើប្រាស់នៅលើសមរភូមិ។
លើសពីនេះ លោកក៏បានលើកឡើងថា វិធីសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការពិភាក្សាជាមួយរុស្ស៊ី អំពីសណ្តាប់ធ្នាប់សន្តិសុខថ្មីនៅអឺរ៉ុប គឺជារឿងមួយដែលលោកយល់ថា «ហាក់ដូចជាចម្លែកបន្តិច»៕
ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត
