យន្តហោះដ្រូនប្រើថាមពលពន្លឺព្រះអាទិត្យរបស់ ចិន សាកល្បងហោះហើរលើកដំបូងចំនួន ៣០ ម៉ោង ដោយជោគជ័យ

ប៉េកាំង ៖ យន្តហោះដ្រូនដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការសាកល្បងហោះហើរលើកដំបូងរហូតដល់ ៣០ ម៉ោង ដែលនេះបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាអាកាសចរណ៍គ្មានមនុស្សបើក និងបើកផ្លូវសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនាពេលអនាគត ។

បើតាម Global Times, យន្តហោះដ្រូនដើរដោយថាមពលពន្លឺព្រះអាទិត្យមានឈ្មោះថា “Light Cavalry” មួយនេះ បានហោះហើរសាកល្បងលើកដំបូងនៅភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ ។

វាត្រូវបានរចនាឡើងដោយវិទ្យាស្ថានស្រាវជ្រាវទី១១ នៃសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ហៅកាត់ CASC ។ វាមានដងខ្លួនប្រវែង ៣,២ ម៉ែត្រ និងស្លាបប្រវែង ៨ ម៉ែត្រ ហើយមានទម្ងន់អតិបរមាពេលហោះឡើង ៤៥ គីឡូក្រាម និងអាចហោះហើរនៅរយៈកម្ពស់រហូតដល់ ៧.០០០ ម៉ែត្រ ។

ចំណុចពិសេសរបស់យន្តហោះដ្រូននេះ គឺសមត្ថភាពហោះហើរសំកាំងខ្លួនលើអាកាសបានរហូតដល់ ៣០ ម៉ោង និងអាចផ្ទុកឧបករណ៍បេសកកម្មបានលើសពី ៥ គីឡូក្រាម ក្នុងនោះរួមមានឧបករណ៍អេឡិចត្រូ-អុបទិក, ឧបករណ៍ទំនាក់ទំនង និងប្រព័ន្ធចាប់សញ្ញាត្រួតពិនិត្យផ្សេងៗ ។

យន្តហោះដ្រូននេះ មានប្រព័ន្ធបាញ់បង្ហោះចេញពីរថយន្ត ហើយមិនចាំបាច់ប្រើផ្លូវរត់ដូចយន្តហោះធម្មតាឡើយ ។ ការរៀបចំមុនពេលបាញ់បង្ហោះត្រូវការពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ហើយបេសកកម្មចម្បងរបស់វា គឺនៅតាមតំបន់ដាច់ស្រយាល ដូចជា តំបន់ភ្នំ ឆ្នេរសមុទ្រ និងតំបន់ព្រៃធម្មជាតិ ។

បើតាម Xinhua, ក្រុមអ្នកអភិវឌ្ឍន៍បានឱ្យដឹងថា យន្តហោះដ្រូននេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ការសន្សំសំចៃថាមពល កាត់បន្ថយចំណាយ និងងាយស្រួលផលិតក្នុងបរិមាណច្រើន ។

ក្រុមអ្នកអភិវឌ្ឍន៍រំពឹងថា យន្តហោះដ្រូននេះ នឹងអាចជួយបំពេញចន្លោះខ្វះខាតក្នុងទីផ្សារចិន សម្រាប់យន្តហោះអគ្គិសនីខ្នាតតូច និងមធ្យម ដែលអាចហោះហើរបានយូរ មានតម្លៃទាប និងអាចគ្របដណ្តប់តំបន់បានធំទូលាយ ៕

ប្រភព ៖ Global Times និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner