សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅហ្វីលីពីន


ក្រោយបញ្ចប់ភារកិច្ចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញទៅ​កាន់​ទី​​ក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងជួបពិភាក្សាទ្វេ​ភាគី​ជាមួយថ្នាក់ដឹកនាំមួយចំនួន។
 
អាន៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីននាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ តបតាមការ​អញ្ជើញ​របស់ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។
 
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា មុនការអញ្ជើញចូលរួមរបស់សម្តេចធិបតី, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលកម្ពុជាកំពុងជាប់បំពេញ​ភារកិច្ចធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។
 
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផលដែលសម្រេចបានក្រោមការ​ដឹកនាំរបស់ហ្វីលីពីន ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន មានភាពធន់ និង​ត្រៀមខ្លួនសម្រាប់អនាគត។ វេទិកាដ៏សំខាន់នេះ ក៏នឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំអាស៊ានពន្លឿនការកសាងសហគមន៍ ផ្លាស់ប្តូរទស្សនៈលើ​បញ្ហាតំបន់ និងអន្តរជាតិ និងពង្រឹងភាពជាដៃគូសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងចាប់យកកាលានុវត្តភាពរួមគ្នា។
 
ក្រៅពីកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំមួយចំនួនផងដែរ ដើម្បីពង្រឹង​ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅ​មកសម្រាប់ប្រជាជាតិ​ទាំងពីរ៕ ដោយ៖ទួន សុផល

ads banner