សម្តេចធិបតី ៖ ស្នាមញញឹមខ្មែរតំណាងឱ្យភាពកក់ក្តៅ សន្តិភាព និងក្តីសង្ឃឹម
ថ្លែងក្នុងពិធីបើកជាផ្លូវការនៃភូមិហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចនូវប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងហ្វ្រង់កូហ្វូនី ចាប់តាំងពីកម្ពុជាចូលជាសមាជិកសង្កេតការណ៍ក្នុងឆ្នាំ១៩៩១ និងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។ សម្តេចបានចាត់ទុកភាសាបារាំងថា ជាភាសានៃការចងចាំ ការសិក្សាចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។
សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព ដែលត្រូវកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ ទើបមូលបទនៃកិច្ចប្រជុំកំពូលនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅគឺ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ទន្ទឹមនឹងនេះ ភូមិហ្វ្រង់កូហ្វូនីក៏ត្រូវបានរៀបចំឡើងក្រោមពាក្យស្លោក «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ព្រោះនៅកម្ពុជា ស្នាមញញឹមតំណាងឱ្យភាពកក់ក្តៅ សន្តិភាព និងក្តីសង្ឃឹម ដែលកំពុងរួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។
បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ហ្វ្រង់កូហ្វូនីមិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែជាវប្បធម៌ដ៏រស់រវើក ជាលំហនៃការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្ម និងនវានុវត្តន៍ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគឺ សន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។ ជាពិសេស ភូមិហ្វ្រង់កូហ្វូនីនេះក៏ត្រូវបានរៀបចំឡើងសម្រាប់យុវជន ដែលជាអ្នកបន្តវេនសិក្សាដកពិសោធន៍ និងបន្តច្នៃប្រឌិតនាពេលអនាគត ប្រៀបដូចជាទន្លេដែលហូរមកជួបគ្នា ដោយរក្សាបាននូវអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ក្រោមបំណងប្រាថ្នារួមគឺ សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម។
សម្តេចធិបតី ក៏បានអញ្ជើញភ្ញៀវទាំងអស់ដែលមកពីគ្រប់ទិសទីលើពិភពលោក ទស្សនាពន្លាជាតិនានា ភ្លក់រសជាតិម្ហូបអាហារខ្មែរ និងចម្រុះជាតិសាសន៍ ស្ដាប់តន្ត្រី ទស្សនាស្នាដៃសិល្បករ សិប្បការិនី និងសហគ្រិនវ័យក្មេង ព្រមទាំងស្វែងយល់ពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជានៅរាជធានីភ្នំពេញផងដែរ៕


អត្ថបទ ៖ ទួន សុផល