សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកភូមិហ្វ្រង់កូហ្វូនី រៀបចំនៅកណ្តាលបេះដូង នៃរាជធានីភ្នំពេញ បានបង្ហាញពីកម្ពុជា ជាទីប្រសព្វនៃវប្បធម៌ ជូនភ្ញៀវអន្តរជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិ​ហ្វ្រង់កូហ្វូនី» នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅលើទីធ្លាសួនច្បារ វត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា នៅចំកណ្តាលបេះដូង ជធានីភ្នំពេញ បានបង្ហាញពីកម្ពុជា ជាទីប្រសព្វនៃវប្បធម៌ ជូនភ្ញៀវអន្តរជាតិ ។

ពិធីប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា នៃការចាប់​ផ្តើមព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងជា​លើកដំបូងនៅកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិ​ហ្រ្វង់កូហ្វូនី ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល តំណាងគណៈ​កម្មការ​នៃរដ្ឋសភា និងព្រឹទ្ធសភា វិស័យឯកជន ដៃគូជាតិ និងអន្តរជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខេត្ត។

«ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែល​តែង​តែរៀបចំ​ភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណង​លើក​កម្ពស់​វប្បធម៌ ទេសចរណ៍ រអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិក​ទាំងអស់។ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀប​ចំ​ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំភូមិហ្វ្រង់កូហ្វូនី ស្ថិតនៅចំកណ្តាល បេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វ រវាងទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមករាជធានីភ្នំពេញតែងតែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នានៅទីនេះ ហើយប្រជាជនរបស់យើង ក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជា បានចូលជាសមាជិក សង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិ ក្នុងឆ្នាំ១៩៩៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ភាសាបារាំង គឺជាភាសានៃការចងចាំ ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។
កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាព ត្រូវបានកសាងឡើង ដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ។

សម្ដចធិបតីបញ្ជាក់ថា ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា ស្នាមញញឹម មានអត្ថន័យ លើសពីការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ, សន្តិភាព និងក្តីសង្ឃឹមហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុង រួមបញ្ចូលគ្នាជាមួយ ស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។

ជាមួយនេះ សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា អង្គការហ្វ្រង់កូហ្វូនី ប្រកាន់ខ្ជាប់ នូវគុណតម្លៃរួមគ្នាគឺ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព ។ លើសពីនេះ យើងខ្ញុំបានគិតគូរជាពិសេសផងដែរ ដល់យុវជនរបស់យើង។ អង្គការហ្វ្រង់កូហ្វូនី នាពេលអនាគត គឺជាបណ្ដុំនៃយុវជនរបស់យើង ហើយយុវជននឹងជាអ្នកបន្តសិក្សា ដកបទពិសោធន៍, ជាអ្នកបន្ត បង្កើត, បន្តច្នៃប្រឌិតភូមិនេះ ហើយភូមិហ្វ្រង់កូហ្វូនី ដែលបានរៀបចំ នាពេលនេះ ក៏ជាការរៀបចំសម្រាប់យុវជនផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដូចគ្នានឹងទន្លេរបស់យើង, វប្បធម៌របស់យើង បានមកជួបគ្នានៅទីនេះ។ វប្បធម៌នីមួយៗ នៅតែរក្សាបាន នូវអត្តសញ្ញាណផ្ទាល់ខ្លួន ប៉ុន្តែបានមកជួបជុំគ្នា ក្រោមបំណងប្រាថ្នារួមតែមួយគឺ សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម ៕


ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner