កម្ពុជាទទួលបានសេចក្តីទុកចិត្តពី១៧ប្រទេស ឱ្យធ្វើជាលេខាធិការដ្ឋានដឹកនាំ «បណ្តាញវេជ្ជសាស្ត្រហ្វ្រង់កូហ្វូនីអាស៊ីអាគ្នេយ៍»

វិស័យសុខាភិបាលកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើឆាកអន្តរជាតិ បន្ទាប់ពីថ្នាក់ដឹកនាំ និងអ្នកជំនាញវេជ្ជសាស្ត្រ កំពូលៗមកពី១៧ប្រទេសជុំវិញពិភពលោក បានសម្រេចផ្តល់សេចក្តីទុកចិត្តជ្រើសរើសយក សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.) របស់កម្ពុជាធ្វើជាលេខាធិការដ្ឋាន ដើម្បីដឹកនាំ «បណ្តាញវេជ្ជសាស្ត្រនិយាយភាសាបារាំងនៅអាស៊ីអាគ្នេយ៍» សម្រាប់អាណត្តិ ២ឆ្នាំដំបូង។
 
សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ ត្រូវបានប្រកាសឡើងនៅក្នុងសិក្ខាសាលាអន្តរជាតិមួយកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស. និង លោកសាស្ត្រាចារ្យ ប៉ាទ្រីស ដឺប្រេ (Patrice Debré) ប្រធានគណៈកម្មាធិការទំនាក់​ទំនង​អន្តរជាតិនៃបណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិបារាំង ព្រមទាំងប្រតិភូជាតិ-អន្តរជាតិសរុប ៧៤រូប មកពីទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក។
 
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានគូសបញ្ជាក់ថា បណ្តាញថ្មីនេះមិនត្រឹមតែរំលឹកពី​ប្រវត្តិដ៏យូរអង្វែង​នៃទំនាក់ទំនងវេជ្ជសាស្ត្រកម្ពុជា-បារាំង និងប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាស្ពានដ៏សំខាន់ក្នុងការស្វែងរកប្រភព​ហិរញ្ញប្ប​ទាន ផ្លាស់ប្តូរនិស្សិតថ្នាក់បណ្ឌិត និងពង្រីកការស្រាវជ្រាវរួមគ្នាកម្រិតខ្ពស់។
 
ជុំវិញព្រឹត្តិការណ៍នេះ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានវាយតម្លៃខ្ពស់ថា ការបង្កើតបណ្តាញនេះ គឺដើរស្របគ្នាទាំងស្រុងទៅនឹង «ផែនការយុទ្ធសាស្ត្រសុខាភិបាលទី៤» របស់កម្ពុជា។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមបានលើកឡើងនូវអនុសាសន៍មួយចំនួន ក្នុងនោះ គាំទ្រយ៉ាងពេញទំហឹងដល់ ស.វ.ស. ដែលទទួលតួនាទីជា​លេខាធិការដ្ឋាន ដើម្បីសម្របសម្រួលសកម្មភាពបណ្តាញនេះឱ្យ​មានប្រសិទ្ធភាពខ្ពស់, ផ្តោតការយកចិត្តទុកដាក់លើបញ្ហាអាទិភាពរួមមាន៖ ជំងឺឆ្លងនិងមិនឆ្លង សុខភាពមាតានិងទារក អភិក្រម «សុខភាពតែមួយ» (One Health) និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ជំរុញការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិត ក្រោម
​ក្របខ័ណ្ឌ​សហប្រតិបត្តិការតំបន់និងសកលលោក ដើម្បីពន្លឿនការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ។
 
គួរបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល (ស.វ.ស.) ដោយមានកិច្ចសហការ​យ៉ាង​ជិតស្និទ្ធជាមួយបណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិបារាំង (Académie nationale de médecine de France) និងទីភ្នាក់ងារឧត្តមសិក្សា​ប្រើប្រាស់ភាសាបារាំង (AUF) ៕
អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner