មកទស្សនា«ភូមិហ្វ្រង់កូហ្វូនី» កុំភ្លេចមកពិសាទឹកស្អាតដំបូងគេនៅកម្ពុជា
«ភូមិហ្វ្រង់កូហ្វូនី» ដែលស្ថិតនៅបរិវេណសួនច្បារមុខវត្តបទុមវតី ចាប់ផ្តើមបើកជាផ្លូវការហើយនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ភូមិហ្វ្រង់កូហ្វូនីដែលមានរយៈពេល៥ថ្ងៃនេះ នឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ៩យប់។
នៅក្នុងភូមិហ្វ្រង់កូហ្វូនីទំហំ១ម៉ឺនម៉ែត្រការ៉េ សាធារណជនអាចទៅយកទឹកស្អាតសម្រាប់បរិភោគស្រាប់ៗចេញពីក្បាលរ៉ូប៊ីណេទឹក ដោយឥតគិតថ្លែផងដែរ។ ទឹកស្អាតដែលអាចបរិភោគបានភ្លាមៗនេះ គឺមានសុវត្ថិភាព។ កន្លែងផ្តល់ទឹកស្អាតនេះ រៀបចំឡើងដោយភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ដែលសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ក្នុងព្រឹត្តិការណ៍«ភូមិហ្វ្រង់កូហ្វូនី»នឹងមានការរៀបចំស្តង់ពិព័រណ៍ផ្សេងៗ និងពិព័រណ៍ម្ហូបអាហារសរុបចំនួន១៦០ស្តង់ មានការរៀបចំតំបន់ពន្លាជាតិ ចំនួន៧៣ពន្លា ដែលមាន៥៦ប្រទេស រដ្ឋ និងតំបន់សមាជិកអង្គការហ្វ្រង់កូហ្វូនី។ ទីតាំងពន្លាជាតិរបស់ប្រទេសកម្ពុជានីមួយៗ មានរំលេចនូវអរិយធម៌ វប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះ នឹងមានសាលសន្និសីទ និងវេទិកាសន្ទនាចំនួន៣០តុមូល។ ជាពិសេសនឹងមានការសម្តែងសិល្បៈ និងវប្បធម៌ប្រចាំថ្ងៃ ជាង៥០កម្មវិធី ដែលជាសិល្បៈចម្រុះរបស់សិល្បករ សិល្បការិនីខ្មែរ និងអន្តរជាតិ។
ការៀបចំភូមិហ្វ្រង់កូហ្វូនីនេះដើម្បីបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌។
កម្ពុជា រំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាភូមិហ្វ្រង់កូហ្វូនីនេះចំនួនប្រមាណ១០ម៉ឺននាក់។
អស់រយៈពេល ៣០ឆ្នាំមកហើយ ដែលប្រទេសបារាំង និងប្រទេសកម្ពុជា បានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មនុស្សជាង ១,៣ លាននាក់មានលទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគ តាមរយៈគម្រោងបាក់ខែង ដែលទទួលបានហិរញ្ញប្បទានរួមគ្នាពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) សហភាពអឺរ៉ុប (EU) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)៕
ដោយ៖សៅ សុខអេង

