នាយករដ្ឋមន្ត្រីកាណាដា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាសប្ដាហ៍ក្រោយ
ឯកឧត្តម ម៉ាក ជូសេហ្វ ខានី នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីមធ្យោបាយពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជា ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន រួមមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានគោលបំណង ជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនកម្ពុជា និងកាណាដាបន្ថែមទៀត។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ដែលបញ្ជាក់អំពីចំណងមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់កម្លាំងរុញច្រានថ្មីមួយថែមទៀត សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕
ដោយ៖សេង បារាំង