កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរ នៅក្នុងទ្វីបអាស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងការបរទេសបានបន្តថា កិច្ចប្រជុំកំពូលនេះ គឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពី រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បី ពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយ ចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។

កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដ៏សំខាន់ក្នុងការ ពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការOIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ព្រឹត្តិការណ៍អមសំខាន់ៗចំនួនបួនត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) ហ្វ្រង់កូតិច (FrancoTech) ជំនួបសហគ្រិន ហ្វ្រង់កូហ្វូនលើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះ នឹងផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ នវានុវត្តន៍ បណ្តាញទំនាក់ទំនងធុរកិច្ច និង ការកសាងភាពជាដៃគូនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ ក៏នឹងមានជំនួបទ្វេភាគីជាច្រើន និងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះនឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការមេចក្រកម្ពុជា អាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ដូចជា៖
(១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់ហ្វូកូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍សហគមន៍។ (២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់ហ្វូកូនី និង(៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌៕
ដោយ៖ពលជ័យ

ads banner