លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើកំណែទម្រង់នានា ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ចនៅឯសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍លើកឡើងថា;រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើកំណែទម្រង់នានា ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន ដើម្បីទទួលបានផលចំណេញជាអតិបរិមា ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន ក្នុងតំបន់ផ្សេងទៀត និងក្នុងសកលលោក ដែលជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏មានសង្គតិភាពផងដែរ ជាមួយនឹងឯកសារគោលនយោបាយ តាមវិស័យដ៏ទៃទៀតរបស់រាជរដ្ឋាភិបាល។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏បន្តថា,ដូច្នេះយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាឯកសារមគ្គុទ្ទេសច្បាស់លាស់ សម្រាប់តម្រង់ទិសសកម្មភាពរបស់គ្រប់តួអង្គអភិវឌ្ឍន៍ទាំងអស់ ក្នុងគោលដៅបន្តនិងពង្រឹងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់រយៈពេលវែង សំដៅជំរុញកំណើនសេដ្ឋកិច្ច បន្តបង្កើតការងារបែងចែកផល នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងធានាឱ្យបាននូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងការគ្រប់គ្រងធនធានគ្រប់ប្រភេទរបស់ជាតិ ។ ជាគោលដៅយុទ្ធសាស្ត្រសម្រាប់ឤណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតឤទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើមូលធនមនុស្ស ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយគ្រប់ដៃគូ ដែលមានការពាក់ព័ន្ធ ពិសេសការពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហ រណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលទាំងអស់នេះ នឹងធ្វើឱ្យប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមកម្ពុជាមួយ ដែលគោរពគុណធម៌ តម្លៃមនុស្ស សេរីភាពប្រជាធិបតេយ្យ នីតិរដ្ឋ និងយុត្តិធម៌សង្គម។
ជាមួយគ្នានោះដែរលោកជំទាវឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើង រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវវិធានការមុតស្រួច និងជាក់ស្តែងនានា សំដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា រួមមាន៖ កាត់បន្ថយថ្លៃឡូជីស្ទីកជំរុញការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល កាត់បន្ថយថ្លៃអគ្គិសនី និងធានាស្ថិរភាព នៃការផ្គត់ផ្គង់ បន្តធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនីតិវិធីគយ កាត់បន្ថយចំណាយនៃការធ្វើធុរកិច្ច ទាំងផ្លូវការ និងក្រៅផ្លូវការ ជំរុញការកែទម្រង់ និងទំនើបកម្មប្រព័ន្ធពន្ធ ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌សេវាល្អ អភិបាលកិច្ចល្អ និងអនុលោមភាព និងជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ បានរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ តាមរយៈ ការរៀបចំបង្កើតមូលដ្ឋាន និងថ្នាលសម្រាប់ការពង្រីកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតជាសំខាន់ទៅលើការការអភិវឌ្ឍវិស័យឌីជីថល ទាំងផ្នែករឹង និងទន់ការរៀបចំអភិវឌ្ឍធនធានមនុស្ស និងជំនាញ ស្របតាមបរិការណ៍ថ្មី ព្រមទាំងការបង្កើតក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិគាំទ្រដែលមានការពាក់ព័ន្ធ។
ដោយឡែក ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅក្នងដំណាក់កាលនៃកាវិវត្តន៍វិស័យឌីជីធល និងដើម្បីបំរើសេវាកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងគ្រោងនឹងតម្លើងកម្មវិធីទទួលពាក្យបណ្តឹងអនឡាញ និងដាក់ឱ្យប្រើប្រាស់អ៊ីបណ្ណាល័យ ដែលប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងមើលឯកសារតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner