កម្ពុជាត្រៀមបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃស្អែក ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ
ព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស និយាយភាសាបារាំង (CMF) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារាជធានីភ្នំពេញ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដ៏មានសារៈសំខាន់នេះ គឺជាព្រឹត្តិការណ៍បើកឆាកដ៏សំខាន់ មុននឹងឈានទៅដល់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះនឹងប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស និងតំណាងរដ្ឋាភិបាលមកពីរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៩០ នៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ព្រមទាំងឯកសារគោលនយោបាយសំខាន់ៗ សម្រាប់ដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលធ្វើការសម្រេច។
ព្រឹត្តិការណ៍ទាំងមូលត្រូវបានរៀបចំឡើងក្រោមមូលបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ។
ទន្ទឹមនឹងកិច្ចប្រជុំផ្លូវការ កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អមធំៗជាច្រើនផងដែរ ដូចជា ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅសួនច្បារវត្តបទុមវតី ដែលបានបើកដំណើរការនៅថ្ងៃសុក្រនេះ ដើម្បីបង្ហាញពីវប្បធម៌ និងសិល្បៈចម្រុះ រួមជាមួយនឹងពិព័រណ៍បច្ចេកវិទ្យា FrancoTech និង ជំនួបសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចក្នុងតំបន់ និងពិភពលោក ដែលគ្រោងចាប់ផ្តើមដំណាលគ្នា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញផងដែរ៕
