សមាជិកសភាជំរុញឱ្យ អ៊ីរ៉ង់ ផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរ និងដកខ្លួនចេញពីសន្ធិសញ្ញា NPT
តេហេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់មួយរូប បានជំរុញឱ្យរដ្ឋាភិបាលផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរ និងដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ខណៈភាពតានតឹងជាមួយអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត ។
សមាជិកសភាអ៊ីរ៉ង់ លោក Kamran Ghazanfari បានប្រាប់ Euronews កាលពីថ្ងៃសុក្រថា ការផលិតអាវុធនុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់អ៊ីរ៉ង់ ជាជាងការប្រឆាំងនឹងអ្វីដែលលោកហៅថា ការឃោសនារបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ។
លោក Ghazanfari បានបញ្ជាក់ថា នៅពេលដែលអាមេរិក និងអ៊ីស្រាអែលបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ម្តងហើយម្តងទៀត ដូច្នេះទីក្រុងតេហេរ៉ង់មិនអាចព្រងើយកន្តើយចំពោះការគំរាមកំហែងនេះបានទៀតទេ ពីព្រោះវាប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់ទាំងមូល និងបង្កអត្ថិភាពទូទាំងប្រទេស ។
ទន្ទឹមគ្នា លោក Ghazanfari បានអំពាវនាវឱ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ពិនិត្យឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែរ ដើម្បីឱ្យសត្រូវដឹងថា ប្រសិនបើមានការវាយប្រហារនុយក្លេអ៊ែរលើអ៊ីរ៉ង់ ពួកគេក៏ត្រូវប្រឈមមុខនឹងការឆ្លើយតបវិញដែរ ។
សមាជិកសភាអ៊ីរ៉ង់រូបនេះ បានលើកឡើងពីគោលការណ៍រារាំងនុយក្លេអ៊ែរ ដោយអះអាងថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមិនហ៊ានប្រើប្រាស់អាវុធទាំងនេះប្រឆាំងគ្នាទេ ពីព្រោះពួកគេខ្លាចការវាយប្រហារសងសឹកវិញ ។
លោក Ghazanfari បានសង្កត់ធ្ងន់ថា ទោះបីអ៊ីរ៉ង់មិនមាននាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរក៏ដោយ ក៏មីស៊ីលផ្លោងអាចក្លាយជាមធ្យោបាយ សម្រាប់ដឹកជញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរបានដែរ ។
ការជំរុញរបស់លោក Ghazanfari កើតឡើង ចំពេលមានការជជែកវែកញែកអំពីការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងលទ្ធភាពដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) កំពុងកើនឡើងក្នុងសភា និងមេដឹកនាំអ៊ីរ៉ង់ ទោះបីលទ្ធផលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបសអាមេរិក ហាក់ដូចជាបានកាត់បន្ថយលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំជាថ្មីរបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ក្នុងរយៈពេលខ្លីក៏ដោយ ៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា