រុស្ស៊ី ថា ការពង្រីកកិច្ចចរចាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែន អាស្រ័យលើឆន្ទៈរបស់អឺរ៉ុប
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងអះអាងកាលពីថ្ងៃ សុក្រ ថា ប្រទេសអឺរ៉ុបអាចចូលរួមក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន ប្រសិនបើរុស្ស៊ីអាចយល់ច្បាស់អំពីចេតនា និងឆន្ទៈរបស់ពួកគេ ក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព ។
លោក Peskov បានគូសបញ្ជាក់ថា រុស្ស៊ីនឹងពិចារណាពង្រីកទម្រង់នៃកិច្ចចរចា បន្ទាប់ពីបានយល់ដឹងកាន់តែច្បាស់ អំពីគោលបំណង និងការត្រៀមខ្លួនរបស់ប្រទេសអឺរ៉ុប ក្នុងការចូលរួមចំណែកដល់ការស្វែងរកសន្តិភាព។
អ្នកនាំពាក្យរូបនេះបន្ថែមថា រុស្ស៊ីនៅតែបើកចំហចំពោះការទាក់ទងជាមួយប្រទេសអឺរ៉ុប ប៉ុន្តែប្រទេសទាំងនោះ ត្រូវបង្ហាញឆន្ទៈក្នុងការចូលរួមកិច្ចចរចា និងតែងតាំងតំណាងដែលមានសិទ្ធិអំណាចគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងដំណើរការនេះ ។
ពាក់ព័ន្ធនឹងកិច្ចចរចាត្រីភាគីជុំបន្ទាប់ ដែលមានការចូលរួមពីរុស្ស៊ី អ៊ុយក្រែន និងអាមេរិក លោក Peskov បានឱ្យដឹងថា ទីក្រុងមូស្គូរំពឹងថា កិច្ចចរចានេះនឹងអាចប្រព្រឹត្តទៅក្នុងពេលដ៏ខាងមុខ ។
ជាមួយគ្នានេះ លោក Peskov សង្ឃឹមថា សំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្តីពីការរៀបចំបេសកកម្មមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន នឹងត្រូវបានអនុវត្ត ។
សំណើនេះត្រូវបានលោក Putin លើកឡើងក្នុងជំនួបពិភាក្សាជាមួយលោក Steve Witkoff បេសកជនពិសេសរបស់លោកប្រធានាធិបតី Donald Trump និងលោក Jared Kushner កូនប្រសាររបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងមូស្គូ ។ ក្នុងជំនួបនោះ លោកប្រធានាធិបតី Putin បានស្នើឱ្យមានការជម្លៀសជនស៊ីវិលរាប់រយនាក់ ដែលនៅតែបន្តរស់នៅក្នុងទីក្រុងនេះ ។
បើតាមស៊ីនហួរ, ទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetsk ដែលធ្លាប់ជាទីតាំងយុទ្ធសាស្ត្រយោធាដ៏សំខាន់របស់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ រុស្ស៊ីបានអះអាងពីការគ្រប់គ្រងបានទីក្រុងនេះទាំងស្រុងកាលពីខែកក្កដា ឆ្នាំ២០២៦ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា