ក្រុមហ៊ុនចិន Xpeng ដាក់មហិច្ឆតាចេញលក់ឡានហោះផ្លូវការនៅឆ្នាំ ២០២៧
ប៉េកាំង ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី XPeng របស់ប្រទេសចិន បានប្រកាសដាក់មហិច្ឆតាចេញលក់ «ឡានហោះ» មានឈ្មោះថា Land Aircraft Carrier ជាផ្លូវការនៅឆមាសទីពីរនៃឆ្នាំ២០២៧ ។
មហិច្ឆតារបស់ក្រុមហ៊ុន XPeng នេះ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាដឹកជញ្ជូននាពេលអនាគតជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk ។
បើតាម Interesting Engineering, ឡានហោះ Land Aircraft Carrier នេះ ត្រូវបានអភិវឌ្ឍអស់រយៈពេលជិតមួយទសវត្សរ៍ និងមានគោលដៅប្រើប្រាស់ទាំងសម្រាប់ការកម្សាន្ត ទេសចរណ៍ និងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ ។
ឡានហោះនេះ ត្រូវបានបែងចែកជាពីរផ្នែក ក្នុងនោះឡានមេជាប្រភេទឡានអគ្គិសនីខ្នាតធំប្រវែង ៥,៤ ម៉ែត្រ ដែលមានឃ្លុបខាងក្រោយសម្រាប់ផ្ទុកយន្តហោះអគ្គិសនីមួយគ្រឿងទៀត និងដើរតួជាស្ថានីយសាកថ្មចល័ត ។
យន្តហោះអគ្គិសនីមានកៅអីអង្គុយចំនួន២នេះ ជាយន្តហោះខ្នាតតូចប្រើស្លាបចក្រចំនួន៦ ដែលអាចបញ្ចេញពីឃ្លុបឡានមេដោយស្វ័យប្រវត្តិ និងហោះឡើងចុះត្រង់ដូចយន្តហោះដ្រូនខ្នាតយក្ស ។
យន្តហោះអគ្គិសនីនេះ អាចហោះបានចម្ងាយ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈកម្ពស់ប្រហែល ១ គីឡូម៉ែត្រ ។ ទន្ទឹមគ្នា ក្រុមហ៊ុនមានគម្រោងបង្កើនរយៈចម្ងាយហោះហើរឱ្យបានប្រហែលពីរដង តាមរយៈការកែលម្អបច្ចេកវិទ្យាថ្មអគ្គិសនី ។
ប្រភពដដែលបានឱ្យដឹងថា ឡានហោះនេះមានតម្លៃប្រមាណ ៣០០.០០០ ដុល្លារក្នុងមួយគ្រឿង ខណៈបច្ចុប្បន្នក្រុមហ៊ុនបានទទួលការបញ្ជាទិញទុកមុនជាង ៧.០០០ គ្រឿងពីទីផ្សារអន្តរជាតិ ភាគច្រើននៅប្រទេសចិន និងមួយចំនួនទៀតមកពីតំបន់មជ្ឈិមបូព៌ា ៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា