អ្នកនាំពាក្យ៖ កិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ពិភាក្សាទៅលើទិសដៅ និងកិច្ចការប្តេជ្ញាចិត្តរួមដែលនឹងឆ្លុះបញ្ចាំងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ គឺមានប្រទេស និងរដ្ឋាភិបាលចំនួន៨១ ដែលបានបញ្ជាក់អំពីការចូលរួម ដោយក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៣។
ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានមានប្រសាសន៍ថា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី គឺជាស្ថាប័នដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធរបស់សហគមន៍ហ្វ្រង់កូហ្វូនដែលមានតួនាទីរៀបចំការងារ និងធានាអនុវត្តសេចក្តីសម្រេចរបស់កិច្ចកិច្ចប្រជុំកំពូល។ សន្និសីទមានភារកិច្ចត្រួតពិនិត្យរៀបចំសំណើសំខាន់ៗសម្រាប់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពិចារណា។ ហើយលទ្ធផលនៃកិច្ចប្រជុំសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូន គឺនឹងត្រូវយកទៅដាក់នៅក្នុងកិច្ចប្រជុំកំពូលលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមបានបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ គឺទី១. ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលរដ្ឋមន្ត្រីនឹងពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យភាសាការអប់រំ វប្បធម៌ អភិបាលកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចេរភាព។ ទី២. ការរៀបចំឯកសារនិងសេចក្តីសម្រេចសម្រាប់កិច្ចប្រជុំកំពូល ជាពិសសគឺការពិភាក្សាទៅលើទិសដៅនិងកិច្ចការប្តេជ្ញាចិត្តរួមដែលនឹងឆ្លុះបញ្ចាំងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ។
ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ខាងមុខនេះ គឺនឹងត្រូវអនុម័តនៅឯកសារចំនួន៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់ហ្វូកូនី គឺ
(១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់ហ្វូកូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍សហគមន៍។
(២) សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់ហ្វូកូនី
(៣) សេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ គឺមានប្រទេសនិងរដ្ឋាភិបាលចំនួន ៨១ដែលបានបញ្ជាក់អំពីការចូលរួមដោយក្នុងនោះមានប្រទេសខ្លះ ក៏ដំឡើងកម្រិតពីថ្នាក់រដ្ឋមន្ត្រីជាគណៈប្រតិភូទៅជានាយករដ្ឋមន្ត្រីក៏បាន។ នេះគឺជាកិច្ចប្រជុំលើកទី៤៨ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី។
កិច្ចប្រជុំនេះ ដើម្បីត្រៀមក្ខណៈសម្រាប់បើកការប្រជុំថ្នាក់កំពូលហ្វ្រង់ហ្វូកូនី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៦។ ដោយកិច្ចប្រជុំនេះនឹងត្រួតពិនត្យឡើងវិញទាំងអស់នៅឯកសារទាំងឡាយដែលបានរៀបចំកសាងឡើងសម្រាប់យកទៅឆ្លងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ដោយ៖ពលជ័យ