អភិបាលខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដំបូងគ្រោះថ្នាក់ខ្លួនឯង បន្ទាប់មកប៉ះពាល់ដល់អ្នកដទៃ ធ្វើខាតបង់ថវិកាគ្រួសារ និងធ្វើឲ្យសង្គមជាតិត្រូវខាតបង់ជាច្រើន កុំនាំគ្នាខ្លាចប៉ូលិសចរាចរណ៍ នាំគ្នាគោរពច្បាប់ចរាចរណ៍ប្រសើរជាង
កំពង់ស្ពឺ៖ «គ្រោះថ្នាក់ចរាចរណ៍ដំបូងគ្រោះថ្នាក់ខ្លួនឯង បន្ទាប់មកប៉ះពាល់ដល់អ្នកដទៃ ធ្វើខាតបង់ថវិកាគ្រួសារ និងធ្វើឲ្យសង្គមជាតិត្រូវខាតបង់ជាច្រើន កុំនាំគ្នាខ្លាចប៉ូលិសចរាចរណ៍ នាំគ្នាគោរពច្បាប់ចរាចរណ៍ប្រសើរជាង»។ ការលើកឡើងនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ បានដឹកក្រុមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក សិស្សានុសិស្ស និងមានប្រមាណជាង៥០០ម៉ូតូ ដោយមានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ជិះផ្សព្ធផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺទាំងមូល សុំដោយទទូចចំពោះអ្នកប្រើប្រាស់ផ្លូវ ពោលត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា មិនតែប៉ុណ្ណោះពេលបើកបរត្រូវចេះយោគយល់ អធ្យាស្រ័យ កុំវ៉ាប្រជែងទាំងប្រថុយប្រថាន ជាពិសេសពេលពិសាគ្រឿងស្រវឹង កុំបើកបរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្នកបើកបរត្រូវគោរពសីលធម៌១០ចំណុច ដើម្បីយើងទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿន មិនត្រូវបើកបរក្រោមឥទ្ធិពលស្រវឹង មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន មិនត្រូវបើកបរក្រោមស្ថានភាពងងុយ ត្រូវរៀនបើកបរឲ្យបានត្រឹមត្រូវ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពជានិច្ច បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច ត្រូវប្រកាន់ស្តាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឲ្យទៀងទាត់ ត្រូវមានស្មារតីក្នុងពេលបើកបរ។
យោងតាមរបាយការណ៍របស់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មានកើនឡើងក្នុងត្រីមាសទី១ដើមឆ្នាំ២០១៩ បានសម្លាប់មនុស្សរហូត៣២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៥៨លើក កើនឡើង៩នាក់ ធ្វើឲ្យរបួសធ្ងន់៤១នាក់ កើនឡើង៧នាក់ របួសស្រាល២៧នាក់ ថយចុះ សរុបមធ្យោបាយខូចខាតចំនួន១០២គ្រឿង កើនឡើង៣១គ្រឿង។
លោកបញ្ជាក់ថា ការកើនឡើងនៃយានជំនិះ កំណើនមនុស្ស ព្រមជាមួយការអភិវឌ្ឍន៍ កត្តាការកកស្ទះចរាចរណ៍ជាប្រចាំ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសហការជាប្រចាំជាសមត្ថកិច្ចជំនាញ សម្រួលដល់បញ្ហាប្រឈមដែលអាចបង្កគ្រោះថ្នាក់តាមដងផ្លូវ ធ្វើការកែលម្អគំនូសសញ្ញា ភ្លើងស្តុប និងចែកសៀវច្បាប់អប់រំចរាចរណ៍ ព្រមទាំងបានអញ្ជើញតាមបណ្តាក្រុមហ៊ុនរកស៊ីដែលប្រើប្រាស់រថយន្ត មកអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕ធ.ដ