អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៩ មានធ្វើកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ៧០០ហិកតា ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសការសាងសង់ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងភាគីក្រុមហ៊ុនវិនិយោគគម្រោងសាងសង់ចិន ដឹកនាំដោយលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី។
ឯកឧត្តម ទៀ សីហា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានសម្តែងនូវសេចក្តីរំភើប ចំពោះសមទ្ធិផលថ្មីដ៏ធំមួយ ដែលនឹងចាប់បដិសន្ធិនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាអាកាសយានដ្ឋានដ៏ធំមួយនៅក្នុងតំបន់អាស៊ីយើងនេះ។ ឯកឧត្តមបានបន្តទៀតថា នៅពេលដែលអាកាសយានដ្ឋានថ្មីបានសាងសង់រួចរាល់ និងបើកកិច្ចដំណើរការនោះ និងធ្វើឲ្យកំណើនភ្ញៀវទេសចរមានការកើនទើងទ្វេដង និងកាន់តែធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប សំខាន់នៅស្រុកទាំងបី ដែលមានភូមិសាស្ត្រជាប់នឹងអាកាសយានដ្ឋាននេះផងដែរ។
ក្នុងឱកាសនោះដែរ លោក Lu Yanwen បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ជាគម្រោងដ៏សំខាន់ដែលបានគាំទ្រដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា-ចិន ក្នុងគោលនយោបាយ (ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ) ហើយកាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០១៦ Yuntouគ្រុប និងទីស្តីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះហត្ថលេខាព្រមព្រៀង BOT ស្តីពីគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបានបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋាននេះ មានចម្ងាយពីក្រុងសៀមរាប ៥១គីឡូម៉ែត្រ នៅលើផ្ទៃដី សរុប៧០០ហិកតា ហើយសាងសង់តាមស្តង់ដាររចនាបថអាកាសយានដ្ឋានលំដាប់ថ្នាក់ទី 4E ដែលអាចប្រតិបត្តិការយន្តហោះខ្នាតធំមានលេខកូដE ។ ម៉្យាងទៀតតាមកំណើននៃចរាចរណ៍ផ្លូវអាកាសនាពេលអនាគតនឹងត្រូវធ្វើការពង្រីកទៅជាអាកាសយានដ្ឋានប្រភេទ4F។ គម្រោងនេះ ប្រតិបត្តិការតាមកម្មវិធី BOT ដែលមានការវិនិយោគដោយ Yuntouគ្រុប យូណាន វិនិយោគបរទេស និងយូណានអាកាសយានដ្ឋានគ្រុប ដែលបានបណ្តាក់ទុនវិនិយោគ២២០លានដុល្លារ ដើមី្បបង្កើតក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ក្រុមហ៊ុនអង្គរ) ដែលមានការទទួលខុសត្រូវចំពោះការវិនិយោគលើគម្រោងសាងសង់ និងគ្រប់គ្រងប្រតិបត្តិការ។
លោក Lu Yanwen បានបញ្ជាក់ទៀតថា រយៈពេលនៃការសាងសង់ និងប្រតិបត្តិការគម្រោង សរុប៥៥ឆ្នាំ ហើយរយៈពេលនៃការសាងសង់ដោយរំពឹងថាប្រើរយៈពេលពី៣ឆ្នាំទៅ៥ឆ្នាំ។ លោកបន្តទៀតថា ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ៨៨០លានដុល្លារអាម៉េរិក និងមានសាងសង់ផ្លូវរត់ល្បឿនលឿនទំហំ៣ពាន់៦០០ម៉ែត្រ គុណ៤៥ម៉ែត្រមួយផ្លូវ និងប៉ារ៉ាឡែលសម្រាប់យន្តហោះ ធ្វើការហោះហើរ ចុះចត និងចំណតយន្តហោះ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ និងបរិក្ខារជំនួយស្ថានីយអ្នកដំណើរដែលមានទំហំ៥០ពាន់ម៉ែត្រក្រឡា។ អាកាសយានដ្ឋាននេះ ក្នុងមួយឆ្នាំអាចបម្រើសេវាកម្មភ្ញៀវទេសចរពី៧លានទៅ១០លាននាក់ផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម តឹករ៉េត សំរេច ក៏បានលើកឡើងពីជីវប្រវត្តិនៃការបង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រហូតដល់ពេលកិច្ចដំណើរការសាងសង់ដោយក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី។ ឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួនដល់ក្រុមហ៊ុន ត្រូវតែបន្តដំណើរប្រតិបត្តិការក្នុងការសាងសង់របស់ខ្លួន ព្រមទាំងត្រូវមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ម៉្យាងទៀតចំពោះការបើកការដ្ឋានសាងសង់ យើងនឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ដើមី្បបើកការដ្ឋានសាងសង់ជាផ្លូវការ តែចំពោះកិច្ចការងារដែលក្រុមហ៊ុនកំពុងប្រតិបត្តិនោះ គឺត្រូវតែបន្តទៅទៀត។ ក្នុងនោះដែរ ឯកឧត្តម ក្នុងនាមជាអ្នកសៀមរាប សូមសាទរនូវគម្រោងនេះ ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍គ្រប់រូបភាពផងដែរ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ