សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៧ នៅប្រទេសហ្វីលីពីន
កណ្តាល៖ កាលពព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាយប៉ាលើកទី៤៧។
មហាសន្និបាតអាយប៉ាលើកទី៤៧ ដែលសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប្រារព្ធឡើងក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាពដោយយកប្រជាជនជាស្នូល»។ តាមកម្មវិធីគ្រោងទុកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗរួមមាន៖កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ៖ ដើម្បីអនុម័តរបៀបវារៈ ដំណើរការនៃមហាសន្និបាត និងផែនការសកម្មភាពសំខាន់ៗរបស់អាយប៉ានាពេលអនាគត។វេទិកាអ្នកនយោបាយស្ត្រីលើកទី៣ដោយអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនយោបាយ និងការដឹកនាំ។
កិច្ចប្រជុំពេញអង្គលើកទី១ដោយ អញ្ជើញថ្លែងបទអន្តរាគមន៍ បង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់សភាកម្ពុជាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
នៅប្រទេសហ្វីលីពីនដដែល សម្តេចប្រធានរដ្ឋសភា សមាជិក-សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញនានារបស់អាយប៉ា ដូចជា គណៈកម្មាធិការស្ត្រី (WAIPA) សមាជិកសភាវ័យក្មេង (YPA) គណៈកម្មាធិការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច គណៈកម្មាធិការរៀបចំ គណៈកម្មាធិការបូកសរុប ព្រមទាំងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ ១៨ប្រទេសទៀត។
ក្រៅពីកិច្ចប្រជុំផ្លូវការនៃមហាសន្និបាត សម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទេសជាមិត្ត សភាសង្កេតការណ៍ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព។
គួររំលឹកថាអាយប៉ា គឺ ជាវេទិកាតំបន់របស់សភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេសសមាជិកចំនួន១០ រួមមាន ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
អាយប៉ា តែងជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីផ្អែកលើច្បាប់ និងរួមចំណែកជាមួយស្ថាប័ននីតិប្រតិបត្តិអាស៊ាន ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព និងបរិយាបន្ន៕





អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ